នៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះ យោធាអ៊ីស្រាអែល បានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅអ៊ីស្រាអែល ហើយការវាយប្រហារមួយ ក៏ត្រូវបានធ្វើឡើងផងដែរចេញពីប្រទេសយេម៉ែន ដែលជាលើកទី២ ហើយ គិតចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល បានចាប់ផ្តើមឡើង។
យោធាបានបញ្ជាក់ថា យានដ្រូន ២គ្រឿងចេញពីយេម៉ែន ត្រូវបានស្ទាក់ចាប់នៅព្រឹកថ្ងៃចន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ កងជីវពលហ៊ួធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បានឈានចូលក្នុងសង្គ្រាមនេះ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយបានបាញ់មីស៊ីលទៅអ៊ីស្រាអែល ជាអ្វីដែលធ្វើឲ្យជម្លោះរួបរឹតតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំងឡើងៗ។

ជាមួយគ្នានេះ យោធាអ៊ីស្រាអែលក៏បានបន្ថែមផងដែរថា កងទ័ពអាកាសកំពុងធ្វើការវាយប្រហារលើទីក្រុងតេអេរ៉ង់នៅថ្ងៃចន្ទនេះ ដោយកំណត់គោលដៅទៅលើអ្វីដែលខ្លួនពិពណ៌នាថា ជាហេដ្ឋារចនាសម្ព័ន្ធយោធា។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីការវាយប្រហារចុងក្រោយបង្អស់នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបគ្នា «ដោយផ្ទាល់ និងដោយប្រយោល» ហើយថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បង្ហាញពី «ភាពសមហេតុផលណាស់» ខណៈដែលកងទ័ពអាមេរិកកាន់តែច្រើនបានទៅដល់តំបន់នេះ។
ប្រទេសប៉ាគីស្ថាន ដែលកំពុងដើរតួជាអន្តរការី រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានឲ្យដឹងថា ខ្លួនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចពិភាក្សាដ៏មានអត្ថន័យ» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលមានគោលបំណងបញ្ចប់សង្គ្រាមអ៊ីរ៉ង់រយៈពេលមួយខែនេះ។ តែយ៉ាងណាក្ដី គេមិនទាន់ច្បាស់នោះទេថា តើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមចូលរួមដែរ ឬអត់៕

