ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរទៅដល់ប្រទេសហ៊្សកដានី ស្របពេលដែលរូបលោកបន្តដំណើរទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនងវិស័យការពារជាតិនៅតំបន់ឈូងសមុទ្រ ខណៈសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កំពុងបន្ត ។

លោក Zelenskyy ប្រកាសការមកដល់របស់លោកនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X កាលពីថ្ងៃអាទិត្យ ហើយលោកបានបញ្ជាក់ថា ជំនួបដ៏សំខាន់នឹងត្រូវធ្វើឡើង ។
លោកនិយាយថា នៅថ្ងៃនេះ ក្នុងប្រទេសហ៊្សកដានី សន្តិសុខគឺជាអាទិភាពកំពូល ហើយវាសំខាន់ខ្លាំងណាស់ កាលដែលដៃគូទាំងអស់ បង្កើតកិច្ចខិតខំដ៏ចាំបាច់ចំពោះសន្តិសុខ ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ កំពុងព្យាយាមស្វែងរកការគាំទ្រពីបណ្តាលរដ្ឋតំបន់ឈូងសមុទ្រ ស្របពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត ដោយគ្មានសញ្ញានៃការបញ្ចប់ ។ រយៈពេលជាង ៤ឆ្នាំ ចាប់តាំងពីរុស្សីបើកការវាយលុកពេញបន្ទុក ទីក្រុងគីវ ពិបាកក្នុងបំពេញឱនភាពថវិការបស់ខ្លួន ហើយនិងផ្តល់មូលនិធិដល់ការផលិតអាវុធក្នុងស្រុក ។
អ៊ុយក្រែន បានបង្កើនការវាយប្រហារសងសឹករបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី រួមទាំងរោងចក្រចម្រាញ់ប្រេង ឃ្លាំងស្តុកប្រេង និងកំពង់ផែផងដែរ ៕
