ប្រជាកសិករនៅតាមតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា និយាយថា ជីកសិកម្មអាចនឹងលែងមាន ឬត្រូវបានគេលក់ក្នុងតម្លៃខ្ពស់ជាងមុនខ្លាំង ស្របពេលការបង្អាក់ដោយសារភាពតានតឹងនៅអាស៊ីខាងលិច ធ្វើឲ្យការចំណាយលើផលិតកម្មកើនឡើង ខណៈតម្លៃដំណាំនៅដដែល ធ្វើឲ្យកសិករស្ថិតក្រោមវិបត្តិហិរញ្ញវត្ថុ ។
ប្រទេសឥណ្ឌាជាទីដែលកសិកម្មគឺជាវិស័យដ៏សំខាន់នោះ ពឹងផ្អែកខ្លាំងលើការនាំចូលជីកសិកម្មដូចជាជីអ៊ុយរ៉េ ឌីអាម៉ូញ៉ូមផូស្វាត (DAP) និងមូរីអាតប៉ូតាស្យូម ក៏ដូចជាឧស្ម័នធម្មជាតិរាវ ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតជីអ៊ុយរ៉េ ។

ឥណ្ឌាមានការព្រួយបារម្ភខ្លាំងជាពិសេសជីអ៊ុយរ៉េ ដែលជាជីកសិកម្មប្រើប្រាស់ច្រើនជាងគេ ស្របពេលជម្លោះកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ដែលត្រូវបានប្រើប្រាស់ផលិតជីកសិកម្មមានមូលដ្ឋានលើអាសូត ។
ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌា បានផ្តល់អាទិភាពលើការផ្គត់ផ្គង់រោងចក្រផលិតជីកសិកម្ម ជួយធានាថា ពួកគេទទួលបានការប្រើប្រាស់ឧស្ម័នជាមធ្យមយ៉ាងហោច ៧០ភាគរយ ។
មន្រ្តីមួយរូបរបស់ក្រុមហ៊ុន Indian Farmers Fertiliser Cooperative Limited និយាយថា បច្ចុប្បន្នប្រទេសឥណ្ឌាមានស្តុកជីកសិកម្មគ្រប់គ្រាន់ ដើម្បីធានាថា ប្រជាកសិករនឹងមិនប្រឈមកង្វះខាតភ្លាមៗនោះទេ ។
សូមបញ្ជាក់ថា តម្រូវការជីកសិកម្មនឹងកើនឡើងខ្ពស់នៅខែមិថុនា និងខែកក្កដា ពេលដែលកសិករចាប់ផ្តើមដាំដុះ ដូចជាដំណាំស្រូវ ពោត កប្បាល និងដំណាំប្រេងឈូករ័ត្ន ៕
