ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យ នាវាដឹកប្រេងចំនួន ២០គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស។
លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះរបស់លោកដែលធ្វើដំណើរពីទីក្រុង West Palm Beach រដ្ឋហ្វ្លរីដាទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា៖«ខ្ញុំគិតថា ពួកគេបានផ្តល់ការអនុញ្ញាតដល់នាវាដឹកប្រេងចំនួន ២០គ្រឿង ដែលជាសញ្ញានៃការគោរព។ នាវាដឹកប្រេងធំៗ នឹងឆ្លងកាត់ច្រកសមុទ្រហ័រមូស ហើយ វានឹងកើតឡើង ដោយចាប់ផ្តើមពីព្រឹកស្អែក»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូ ឌីត។
នៅថ្ងៃទី១១ ខែមីនា តំណាងទីបញ្ជាកការកណ្តាល Khatam al-Anbiya បានរាយការណ៍ថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យនាវាដឹកប្រេងដែលមានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើយ៕
