អង្គការណាតូ (NATO) កំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួន នៅតំបន់អាក់ទិក ខណៈដែលសហរដ្ឋអាមេរិកមានមន្ទិលសង្ស័យអំពីឆន្ទៈរបស់សម្ព័ន្ធមិត្ត ក្នុងការការពារផលប្រយោជន៍រួម រាប់ចាប់ពីមជ្ឈិមបូព៌ារហូតដល់ភាគខាងជើងបំផុត។
សម្ព័ន្ធភាពនេះ អះអាងថា ការគាំទ្ររបស់ខ្លួននៅតែមានភាពរឹងមាំ ដោយសមាជិកជាង ១០ប្រទេស ថ្មីៗនេះបានចូលរួមក្នុងសមយុទ្ធតំបន់អាក់ទិក ដើម្បីបង្ហាញកម្លាំង និងសាមគ្គីភាព។ បុគ្គលិកប្រហែល ៣២.០០០នាក់ មកពីប្រទេសសមាជិកអង្គការណាតូចំនួន ១៤ បានចូលរួមក្នុងសមយុទ្ធរួមគ្នារយៈពេល ១០ថ្ងៃ នៅទូទាំងភាគខាងជើងប្រទេសន័រវ៉ែស និងហ្វាំងឡង់ ជាប្រតិបត្តិការដែលមានឈ្មោះថា Cold Response 26។

សមយុទ្ធនេះ ដែលបានបញ្ចប់កាលពីថ្ងៃទី១៩ ខែមីនា គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយមួយ ដើម្បីធានាថា កងកម្លាំងនេះអាចឆ្លើយតបទៅនឹងការគំរាមកំហែងនៅទូទាំងលើផ្នែកជាច្រើន ដូចជាអាកាស សមុទ្រ ប្រព័ន្ធអ៊ីនធឺណិត និងដីដែលគ្របដណ្តប់ដោយព្រិល ជាទីតាំងដែលមានស្ថានភាពដ៏លំបាកបំផុតមួយរបស់ពិភពលោក។
វីរសេនីយ៍ទោ នៅក្នុងកងទ័ពស៊ុយអែត លោកស្រី Alicia Alkert បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNA ថា៖ «ភាគច្រើន វា (សមយុទ្ធ) បង្កើតឱកាសពិសេសមួយ ដើម្បីឲ្យបុគ្គលិកកងវរសេនាធំហ្វឹកហាត់ និងក្លាយជាផ្នែកមួយនៃអ្វីដែលធំជាងនេះ»។
គួរបញ្ជាក់ថា Cold Response 26 គឺជាសមយុទ្ធរបស់អង្គការណាតូលើកដំបូងដែលធ្វើឡើងក្រោមបេសកកម្ម Arctic Sentry ជាគំនិតផ្តួចផ្តើមមួយដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ដើម្បីពង្រឹងសមត្ថភាពរបស់សម្ព័ន្ធមិត្ត នៅក្នុងតំបន់ភាគខាងជើងបំផុត៕



