សមាជិកសភាអាមេរិកដែលធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ នៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) បានជំរុញឲ្យសភាកោះតៃវ៉ាន់ អនុម័តថវិកាការពារជាតិដែលជាប់គាំងចំនួន ៤០ពាន់លានដុល្លារ ដោយព្រមានថា ការពន្យារពេលអាចធ្វើឲ្យចុះខ្សោយដល់សមត្ថភាពរបស់កោះនេះ ក្នុងការទប់ស្កាត់សម្ពាធយោធារបស់ប្រទេសចិន ទោះបីជាមានការគាំទ្រផ្នែកសន្តិសុខ និងអាវុធពីសហរដ្ឋអាមេរិកក៏ដោយ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ ទោះបីជាខ្វះចំណងការទូតជាផ្លូវការក៏ដោយ។ ចិនអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ខណៈដែលកោះនេះបដិសេធអះអាងនេះ។
សំណើចំណាយលើវិស័យការពារជាតិបន្ថែមចំនួន ៤០ពាន់លានដុល្លាររបស់មេដឹកនាំ លោក Lai Ching-te បច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋអាមេរិក លោក John Curtis បានទៅដល់ទីក្រុងតៃប៉ិ នៅថ្ងៃចន្ទនេះ ជាមួយសមាជិកសភា ៣នាក់ផ្សេងទៀត ខណៈដែលទីក្រុងប៉េកាំងបង្កើនសម្ពាធយោធា និងនយោបាយ លើកោះប្រជាធិបតេយ្យមួយនេះឲ្យទទួលយកការអះអាងអធិបតេយ្យភាពរបស់ខ្លួន។

អំឡុងសន្និសីទសារព័ត៌មាន នៅឯការិយាល័យមេដឹកនាំ បន្ទាប់ពីជួបជាមួយលោក Lai លោក Curtis បាននិយាយថា៖ «យើងមកកាន់ទីនេះ ដើម្បីប្រាប់នូវសារនោះ និងបង្ហាញដល់ប្រជាជនទីនេះ នៅក្នុងកោះតៃវ៉ាន់ថា យើងគឺជាផ្នែករួមដ៏សំខាន់នៃសុវត្ថិភាព និងឯកភាព នៅជុំវិញពិភពលោកនេះ»។
គួរបញ្ជាក់ថា សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់កោះតៃវ៉ាន់ នៅតែកំពុងជជែកដេញដោលអំពីសំណើចំណាយការពារជាតិរបស់លោក Lai តែស្ថាប័ននេះបានអនុម័តកិច្ចព្រមព្រៀងអាវុធចំនួន ៤ ជាមួយសហរដ្ឋអាមេរិកដែលមានតម្លៃប្រហែល ៩ពាន់លានដុល្លារអាមេរិក៕

