នគរបាលអាល្លឺម៉ង់ បានរឹតបន្តឹងសន្តិសុខនៅទីក្រុងប៊ែរឡាំងនាថ្ងៃចន្ទនេះ ស្របពេលប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃរបស់លោកនៅទីនោះ ។
នៅទីក្រុងប៊ែរឡាំង សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងពិសេសនៅជុំវិញសណ្ឋាគារ Ritz-Carlton ស្ថិតក្នុងទីលានចតុរង្គ Potsdamer Platz ជាទីដែលគេមានជំនឿថា លោកប្រធានាធិបតីស៊ីរីចំណាយពេលមួយយប់ មុនជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Johann Wadephul ហើយបន្ទាប់មកជំនួបជាមួយលោកអធិការបតី Friedrich Merz ។

លោកអធិការបតី Merz ត្រូវបានគេរំពឹងថានឹងលើកប្រធានបទជាច្រើន រួមទាំងអន្តរកាលនយោបាយនៅស៊ីរី និងការវិលត្រឡប់ទៅវិញរបស់ជនអន្តោប្រវេសន៍ស៊ីរី អំឡុងជំនួបជាមួយលោក al-Sharaa ។
គួរឲ្យដឹងថា អាល្លឺម៉ង់គឺជាប្រទេសនៅសហភាពអឺរ៉ុបដែលទទួលយកជនភៀសខ្លួនច្រើនជាងគេបំផុតពីសង្រ្គាមស៊ីវិលស៊ីរីរយៈពេលជាង ១៤ឆ្នាំ ដោយសារគោលនយោបាយបើកទ្វារស្វាកមន៍របស់អតីតលោកស្រីអធិការបតី Angela Merkel ក្នុងនោះសព្វថ្ងៃនេះ ជនភៀសខ្លួនស៊ីរីប្រហែល ១លាននាក់ កំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ។
លោក Al-Sharaa គ្រោងនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់កាលពីខែមករា ប៉ុន្តែលោកបានលុបចោលដំណើរទស្សនកិច្ចនេះវិញ ក្រោយបទឈប់បាញ់ ឈានដល់ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារវាងទាហានរដ្ឋាភិបាលស៊ីរី និងក្រុមយុទ្ធជនឃឺដគាំទ្រដោយសហរដ្ឋអាមេរិក ៕
