រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរបារាំងកំពុងស៊ើបអង្កេតការសង្ស័យថា មានការពាក់ព័ន្ធជាមួយអ៊ីរ៉ង់ បន្ទាប់ពីទប់ស្កាត់ការវាយប្រហារដោយគ្រាប់បែក នៅខាងក្រៅអគារធនាគារ Bank of America ក្នុងទីក្រុងប៉ារីស កាលពីចុងសប្តាហ៍។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nuñez បាននិយាយថា អាជ្ញាធរសង្ស័យថា អាចមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដោយសារតែភាពស្រដៀងគ្នាទៅនឹងការប៉ុនប៉ងវាយប្រហារថ្មីៗផ្សេងទៀត នៅអឺរ៉ុប ដែលក្រុមគាំទ្រអ៊ីរ៉ង់ បានអះអាងថា ខ្លួនជាអ្នកទទួលខុសត្រូវ។

នាព្រឹកថ្ងៃសៅរ៍ មន្ត្រីនគរបាលទីក្រុងប៉ារីស បានប្រទះឃើញជនសង្ស័យពីរនាក់ កំពុងកាន់កាបូបទិញអី វ៉ាន់ នៅជិតបរិវេណធនាគារ Bank of America ក្នុងសង្កាត់ទី ៨ នៃរដ្ឋធានីបារាំង។ ចាប់តាំងពីពេលនោះមក ជនសង្ស័យបីនាក់ ត្រូវបានចាប់ខ្លួន ហើយការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្មជាតិ បានបើកការស៊ើបអង្កេតលើបទល្មើសដែលពាក់ព័ន្ធនឹងភេរវកម្ម។
លោក Nuñez បាននិយាយនៅលើវិទ្យុបារាំង RTL នៅព្រឹកថ្ងៃចន្ទនេះថា អាជ្ញាធរកំពុងធ្វើ «ការទំនាក់ទំនងផ្ទាល់» ជាមួយអ៊ីរ៉ង់ ពីព្រោះ«មធ្យោបាយប្រតិបត្តិការ គឺស្រដៀងគ្នានឹងសកម្មភាព ដែលត្រូវបានធ្វើឡើង នៅក្នុងប្រទេសហូឡង់ និងបែលហ្ស៊ិក»៕
