អ្នកស្រុក និងក្រុមមន្រ្តីក្នុងស្រុក និយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច ១៣នាក់ ត្រូវបានសម្លាប់ ពេលដែលខ្មាន់កាំភ្លើងវាយប្រហារសហគមន៍សាកលវិទ្យាល័យនៅរដ្ឋភាគកណ្តាល Plateau ប្រទេសនីហ្សេរីយ៉ា កាលពីយប់ថ្ងៃអាទិត្យ ។ នេះគឺជាអំពើហិង្សាចុងក្រោយ នៅក្នុងតំបន់ដែលត្រូវបានយីយាជាយូរមកហើយដោយសារជម្លោះរវាងកសិករ និងអ្នកគង្វាលសត្វ ។
អំពើហិង្សានៅភាគកណ្តាលនីហ្សេរីយ៉ា ផ្តើមចេញពីជម្លោះរបស់ក្រុមគង្វាលសត្វមូស្លីម និងក្រុមកសិករសហគមន៍គ្រិស្ត ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញជាច្រើន និងក្រុមអ្នកនយោបាយនិយាយថា បម្រែបម្រួលអាកាសធាតុ និងការពង្រីកដីកសិកម្ម បង្កឲ្យមានការដណ្តើមដីគ្នា ជាហេតុនាំឲ្យកើតមានជម្លោះស្លាប់មនុស្ស មិនសំខាន់ថាជំនឿ ឬក្រុមជនជាតិភាគតិចបែបណានោះទេ ។

ក្រុមអ្នកស្រុកនិយាយថា ក្រុមខ្មាន់កាំភ្លើង បានធ្វើដំណើរមកដល់សហគមន៍ Gari Ya Waye ស្ថិតក្នុងស្រុក Angwan Rukuba ហើយនិងបានបាញ់ប្រហារលើប្រជាពលរដ្ឋដោយឥតញញើតដៃ ។
រដ្ឋបាលរដ្ឋ Plateau និយាយថា ក្រុមខ្មាន់កាំភ្លើង ពុំត្រូវបានគេស្គាល់នោះទេ ហើយពួកគេបានដាក់បំរាមគោចររយៈពេល ៤៨ម៉ោង នៅក្នុងស្រុកមួយនេះ ។ សាកលវិទ្យាល័យ Jos បានផ្អាកការប្រឡង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ ។
លោក Paul Mancha គឺជាអ្នកស្រុកមួយរូប និងជាប្រធានក្រុមប្រឹក្សាយុវជននៅរដ្ឋ Plateau និយាយថា មនុស្សនៅទីនេះ បានជួបជុំគ្នានៅពេលល្ងាច ហើយរឿងអកុសលបានកើតឡើង ពេលដែលក្រុមភេរវកម្មមកដល់ រួចវាយប្រហារលើពួកគេតែម្តង ។
លោកបន្តថា ពួកយើងបានមើលឃើញមនុស្សច្រើននាក់ណាស់ បានស្លាប់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស រួចត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕
