នៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះ មន្ត្រីបាននិយាយថា ប្រទេសបង់ក្លាដែសបានបញ្ជាឲ្យមន្ត្រីរាជការបិទភ្លើង និងបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដើម្បីសន្សំសំចៃថាមពល ខណៈសង្គ្រាមមជ្ឈិមបូព៌ា ធ្វើឲ្យវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរឡើងៗ។

ប្រទេសនៅតំបន់អាស៊ីខាងត្បូង ដែលមានប្រជាជន ១៧០លាននាក់នេះ នាំចូលប្រេង និងឧស្ម័នចំនួន ៩៥ភាគរយនៃតម្រូវការរបស់ខ្លួន។ មន្ត្រីក្រសួង លោក Sakhawat Hossain បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃចន្ទនេះថា ក្រសួងរដ្ឋបាលសាធារណៈ បានចេញបទបញ្ជាជាបន្តបន្ទាប់ ទាក់ទងនឹងការចូលការិយាល័យ និងការសន្សំសំចៃអគ្គិសនី និងប្រេងឥន្ធនៈ។
បទបញ្ជាដែលចេញកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានរៀបរាប់ថា «មានតែភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ និងឧបករណ៍អគ្គិសនីផ្សេងទៀតចាំបាច់មួយចំនួនប៉ុណ្ណោះ ដែលគួរតែត្រូវបានប្រើប្រាស់។ បទបញ្ជាក៏បានរំលឹកដល់កម្មករឲ្យបិទភ្លើង នៅពេលពួកគេចាកចេញ ហើយបានបញ្ជាឲ្យកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ ២៥អង្សាសេ ឬខ្ពស់ជាងនេះ។
បង់ក្លាដែសបានឲ្យដឹងថា ខ្លួនកំពុងស្វែងរកប្រាក់កម្ចីប្រហែល ២ពាន់លានដុល្លារ ពីអ្នកផ្តល់ជំនួយពហុភាគី ដើម្បីដោះស្រាយបញ្ហាថាមពល។ រដ្ឋាភិបាលបានចាត់វិធានការជាច្រើនរួចហើយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងនោះរួមទាំងការកំណត់កម្រិតលើការទិញប្រេងឥន្ធនៈ ការបញ្ឈប់ការផលិត នៅរោងចក្រជីភាគច្រើន និងការដាក់ពង្រាយនគរបាល ដើម្បីល្បាតស្ថានីយប្រេងឥន្ធនៈ៕
