អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បាននិយាយនៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់បានទទួលសារតាមរយៈអន្តរការីដែលបង្ហាញពីឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការចរចា ប៉ុន្តែបានចាត់ទុកសំណើរបស់សហរដ្ឋអាមេរិកថា «មិនប្រាកដនិយម មិនសមហេតុផល និងហួសហេតុពេក»។
លោក Baghaei បាននិយាយថា អ៊ីរ៉ង់ស្វាគមន៍បណ្ដាប្រទេសក្នុងតំបន់ដែលបន្តស្វែងរកសន្តិភាព ប៉ុន្តែទស្សនៈ «ប្រាកដនិយម» នៃព្រឹត្តិការណ៍ គឺមានភាពចាំបាច់។ លោកបានលើកឡើងថា៖ «ជំហររបស់យើង គឺច្បាស់លាស់ណាស់។ យើងកំពុងស្ថិតនៅក្រោមការឈ្លានពានខាងយោធា។ ដូច្នេះ កិច្ចប្រឹងប្រែង និងកម្លាំងទាំងអស់របស់យើង គឺផ្តោតលើការការពារខ្លួនយើង»។
ការអត្ថាធិប្បាយរបស់លោក Baghaei បានកើតឡើងបន្ទាប់ពីប្រធានាធិបតី លោក Donald Trump បាននិយាយថា អ៊ីរ៉ង់ «បានផ្តល់ឲ្យ» សហរដ្ឋអាមេរិកនូវការយល់ព្រមភាគច្រើននៃការទាមទារចំនួន ១៥ចំណុច ដែលខ្លួនបានចេញទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ទោះបីជាគេនៅតែមិនទាន់ច្បាស់លាស់ថា តើភាគីទាំង២ កំពុងចរចាគ្នាដែរ ឬអត់ក៏ដោយ។
ជាសាធារណៈ អ៊ីរ៉ង់បានបដិសេធលក្ខខណ្ឌបទឈប់បាញ់ ១៥ចំណុចរបស់សហរដ្ឋអាមេរិក ដែលផ្តល់ដោយរដ្ឋបាលរបស់លោក Trump តាមរយៈអន្តរការី នៅប្រទេសប៉ាគីស្ថាន ហើយបានផ្ដល់លក្ខខណ្ឌចំនួនប្រាំចំណុចរបស់ខ្លួនតបវិញ ក្នុងនោះរួមទាំងការបន្តអធិបតេយ្យភាពលើច្រកសមុទ្រ Hormuz ផងដែរ៕