ភ្នំពេញ ៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាច្បាប់គោលនយោបាយ និងយន្តការជាច្រើន ដើម្បីសមភាពយេនឌ័រ ដោយទទួលស្គាល់ថា ស្ត្រីមានសមត្ថភាពគ្រប់យ៉ាងក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិទោះក្នុងតម្លៃណាក៏ដោយ នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសជួបសំណេះ សំណាលជាមួយយោធិននារី ក្នុងកងយោធពលខេមរភូមិន្ទសរុបចំនួន៣០០នាក់ មកពីបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។ លោក សំ ងីម ធ្វើសេចក្តីរាយការណ៍។
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននារី ក្នុងកងយោធពលខេមរភូមិន្ទ បន្ទាប់ពីស្ថានភាពជម្ងឺកូវី១៩បានថមថយបន្តិច។ ថ្លែងក្នុងពិធី លោកជំទាវរដ្ឋលេខាធិការបាននាំ នូវការសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនចំពោះយោធិននារី នៅទូទាំងកងយោធពលខេមរភូមិន្ទដោយក្តីនឹករលឹក ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើអោយមានការអាក់ខានជួបជុំគ្នាដោយផ្ទាល់ ដូចជាកាអរសាទរទិវាអន្តរជាតិនារី៨មីនាជាដើម។ លោកជំទាវកោតការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច របស់ក្រុមការងារយេនឌ័រក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជាយុទ្ធនារីក្នុងបណ្តាញក្រុមការងារយេនឌ័រ តាមបណ្តាកងឯកភាព លើកកំពស់និងជំរុញឱយយោធិននារីមានការយល់ដឹងអំពីផែនការ មានសមត្ថភាពនិងទិសដៅសម្រាប់អនុវត្តការងារ ធ្វើយ៉ាងណាឱយទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពចីរភាពសក្តិសមនិងស្ត្រីក្នុងវិស័យការពារជាតិ ។
លោកជំទាវបន្តថាដោយ សារនៃការរីករាលដាលនៃជំងឺកូវីដ១៩ បណ្តាប្រទេសជាច្រើននៅលើពិភពលោក អត្រានៃអ្នកឆ្លងមានការកើនឡើង ក្នុងនោះចំនួននៃអ្នកស្លាប់ក៏មានការកើនឡើងគួរអោយកត់សំគាល់។ ប្រទេសកម្ពុជាក៏បានរងនូវផលប៉ះពាល់ផងដែរ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយបានដាក់ចេញនូវវិធានការទប់ស្កាត់ និងការ ការពារនានាបានទាន់ពេលវេលា ក្នុងនោះវិធានការ ៣កុំ ៣ការពារ ត្រូវបានបញ្រ្ជាបដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការកំណត់ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីរួមចំណែកគ្រប់គ្រងការរីករាលដាល និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា ដែលធ្វើអោយស្ថានការមានការធូស្រាល និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរស់នៅ ប្រាស្រ័យទាក់ទង និងប្រកបអាជីវកម្មជាធម្មតាវិញ។ ម្យ៉ាងទៀតដោយសារកត្តាសន្តិភាព កម្ពុជាបានឈានឆ្ពោះទៅជាប្រទេសស្មើរមុខ ស្មើសិទ្ធ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ាន និងក្នុងឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេមលើកទី៣២ នេះសបញ្ជាក់អំពីសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះលោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់យោធិននារីទាំងអស់ថា ត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។ ស្មោះត្រង់ការពារជាតិមាតុភូមិ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាជន។ ពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពឱ្យបានម៉ត់ចត់ នូវវិន័យនិងបទបញ្ជារបស់កងទ័ព ដើមី្បចូលរួមក្នុងភារកិច្ចការពារជាតិ និងត្រូវប្តេជ្ញាការពារទោះក្នុងតម្លៃណាក៏ដោយ នូវសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាទទួលបានដោយលំបាក ដើម្បី អភិវឌ្ឍប្រទេសជាតិ៕អត្ថបទ ៖ សំ ងីម






