ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមនៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះថា នឹងបំផ្លាញមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់ គឺកោះ Kharg អណ្តូងប្រេង និងរោងចក្រថាមពល ប្រសិនបើប្រទេសនេះមិនយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមឆាប់ៗទេនោះ។
មួយថ្ងៃបន្ទាប់ពីហាក់ដូចជាផ្សះផ្សា និងលើកឡើងថា កិច្ចព្រមព្រៀងមួយអាចសម្រេចបាន នៅសប្តាហ៍នេះ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង «ការពិភាក្សាយ៉ាងម៉ត់ចត់» ជាមួយ «របបសមហេតុផលជាងមុន» នៅទីក្រុងតេអេរ៉ង់។ ប៉ុន្តែលោកបានបន្ថែមការព្រមានដ៏គួរឲ្យបារម្ភមួយ។
លោក Trump បានបញ្ជាក់ថា៖ «វឌ្ឍនភាពដ៏អស្ចារ្យត្រូវតែត្រូវបានធ្វើឡើង ប៉ុន្តែដោយសារហេតុផលណាមួយ កិច្ចព្រមព្រៀងមិនត្រូវបានឈានដល់ក្នុងពេលឆាប់ៗទេ ហើយប្រសិនបើច្រកសមុទ្រ Hormuz មិនទាន់បើកសម្រាប់អាជីវកម្មភ្លាមៗទេនោះ យើងនឹងបញ្ចប់ពេលវេលាដ៏គួរឲ្យស្រឡាញ់របស់យើង នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយការបំផ្ទុះ និងបំផ្លាញទាំងស្រុងនូវរោងចក្រផលិតអគ្គិសនី អណ្តូងប្រេង និងកោះ Kharg របស់ពួកគេទាំងអស់ (និងប្រហែលជារោងចក្របន្សាបជាតិប្រៃទាំងអស់!) ដែលយើងមិនទាន់បានប៉ះពាល់ដោយចេតនានៅឡើយទេ»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា សហរដ្ឋអាមេរិកសម្រេចបាន «ការផ្លាស់ប្តូររបប» នៅក្នុងប្រទេសអ៊ីរ៉ង់តាមរយៈសង្គ្រាមដែលបានចាប់ផ្តើមកាលពី ១ខែមុន ជាមួយអ៊ីស្រាអែល ដោយលើកឡើងពីចំនួនមេដឹកនាំអ៊ីរ៉ង់ដែលត្រូវបានសម្លាប់។ ហើយលោកបានហៅថ្នាក់ដឹកនាំថ្មីថា មាន «ភាពសមហេតុផលជាងមុន»៕