ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីខែមុន បានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងវិបត្តិ ធ្វើឲ្យអាក់ខានដល់ផ្លូវដឹកជញ្ជូនសកល ហើយនិងធ្វើឲ្យឈ្មួញរកស៊ីរថយន្តមួយទឹកឈឺក្បាលខ្លំាង ដូចជារូបលោក Umar Ali Hyder Ali ។
លោក Hyder Ali ដែលរស់នៅក្នុងប្រទេសជប៉ុនអស់រយៈពេល ២ទសវត្សរ៍មកហើយនោះ ដឹកជញ្ជូនរថយន្តប្រើប្រាស់រួចចេញពីផ្ទះរបស់លោកទៅកាន់តំបន់អាស៊ីខាងត្បូង តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ជាទីដែលរថយន្តត្រូវការខ្ពស់ ។
ថ្លែងទៅកាន់ទីភ្នាក់ងាររ៉យទ័រចេញពីប្រទេសកំណើតស្រីលង្ការបស់លោក លោក Hyder Ali និយាយថា ការដឹកជញ្ជូនរថយន្តជាង ៥០០គ្រឿងរបស់លោកបានជាប់ក្នុងសមុទ្រ នាវាមិនអាចធ្វើដំណើរចូលក្នុងប្រទេសស្រីលង្កាបាននោះទេ ដោយសារតែកំពង់ផែពេញដោយទំនិញដែលបង្វែរទិសមកពីទីក្រុង Dubai ។
លោកនិយាយថា រថយន្តរបស់លោកមួយចំនួន អាចដាក់ចុះពីលើនាវានៅស្រីលង្កា ខណៈរថយន្តខ្លះទៀត ត្រូវបានបង្វែរទិសទៅកាន់កំពង់ផែនៅទីក្រុង Zhuhai របស់ចិន ។ រថយន្តខ្លះទៀតរបស់លោក អាចនឹងនាំយកទៅកាន់ប្រទេសជប៉ុនវិញ ។
ក្រុមឈ្មួញនិយាយថា នាវាមួយចំនួនមានគម្រោងដាក់ទំនិញចុះនៅតាមទីតាំងជម្រើសផ្សេងនៅតំបន់មជ្ឈិមបូព៌ា ឬទីតាំងឆ្ងាយជាងនេះ ដើម្បីចៀសវាងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការសម្រេចចិត្តផ្លាស់ប្តូរផ្លូវ ត្រូវបានធ្វើឡើងផងដែរ ដោយក្រុមហ៊ុនដឹកជញ្ជូន ។
លោក Hyder Ali និយាយថា ការដឹកជញ្ជូនតាមអាកាសអាចជម្រើសមួយផងដែរសម្រាប់អតិថិជនមួយចំនួន ប៉ុន្តែតម្លៃខ្ពស់ អាចទៅរួចសម្រាប់តែអ្នកមានប៉ុណ្ណោះ ។
ទុក្ខលំបាករបស់លោក Hyder Ali ឆ្លុះបញ្ចាំងពីផលប៉ះពាល់ខ្លាំងបែបណាដោយសារវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ហើយនិងការបិទស្ទើទាំងស្រុងច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏សំខាន់សម្រាប់ឈ្មួញរថយន្តមួយទឹកនៅជប៉ុន និងកូរ៉េខាងត្បូង ។
ទិន្នន័យពាណិជ្ជកម្មបង្ហាញថា ជប៉ុន និងកូរ៉េខាងត្បូង នាំចេញរថយន្តមួយទឹកតម្លៃរួមគ្នា ១៩ពាន់លានដុល្លារកាលពីឆ្នាំមុន ក្នុងនោះជប៉ុនស្មើនឹងជាងពាក់កណ្តាលនៃតម្លៃនេះ ។ ជាង ១ភាគ ៣នៃរថយន្តមួយទឹក ៨៨៣.០០គ្រឿង កូរ៉េខាងត្បូងបាននាំចេញកាលពីឆ្នាំមុន ចូលទៅកាន់តំបន់មជ្ឈិមបូព៌ា ៕