លោកប្រធានាធិបតី Donald Trump បានព្រមានកាលពីថ្ងៃចន្ទ៣០មីនាសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងកម្ទេចរោងចក្រថាមពល និងអណ្តូងប្រេងរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនបើកច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងតេអេរ៉ង់បានហៅសំណើសន្តិភាពរបស់សហរដ្ឋអាមេរិកថា មិនប្រាកដ និងបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយថា យានដ្រូនពីរគ្រឿងពីប្រទេសយេម៉ែនក៏ត្រូវបានស្ទាក់ចាប់នៅថ្ងៃចន្ទផងដែរ ពីរថ្ងៃបន្ទាប់ពីក្រុម ហ៊ូទី (Houthis)មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានចូលរួមក្នុងសង្គ្រាមដោយបាញ់មីស៊ីលទៅលើអ៊ីស្រាអែល ហើយថាក្រុមហេសបូឡា (Hezbollah) របស់លីបង់ក៏បានបាញ់រ៉ូកែតជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល ផងដែរ។

កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលទៅលើអ្វីដែលពួកគេហៅថាហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងទីក្រុងតេអេរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់នៅទីក្រុងបេរូត ប្រទេសលីបង់ បង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅ ។

ក្រសួងការពារជាតិទួរគីបាននិយាយថា មីស៊ីលផ្លោងមួយគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់បានចូលទៅក្នុងដែនអាកាសទួរគី មុនពេលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូដែលដាក់ពង្រាយនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ជាឧបទ្ទវហេតុបែបនេះលើកទីបួនចាប់តាំងពីសង្គ្រាមចាប់ផ្ដើមផ្ទុះ។
ទីក្រុងតេអេរ៉ង់នៅតែរឹងទទឹងក្នុងសង្គ្រាមរយៈពេលមួយខែ ដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ កុម្ភៈ២០២៦នេះ ហើយបានរីករាលដាលពាសពេញតំបន់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕