កាលពីថ្ងៃចន្ទ (៣០ មីនា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា គឺជាភាពជោគជ័យមួយ ហើយបាននិយាយថា កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខមួយចំនួនត្រូវសម្រេចបាន ឬកំពុងស្ថិតក្រោមការពិភាក្សា។

លោក Zelenskyy បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅក្នុងតំបន់ ដើម្បីផ្តល់ជំនាញទប់ទល់នឹងការវាយប្រហារយានដ្រូនដែលអ៊ុយក្រែនចេះស្ទាត់ ទៅឱ្យបណ្ដាប្រទេសឈូងសមុទ្រ ដើម្បីទប់ស្កាត់យានដ្រូនរបស់អ៊ីរ៉ង់ ក្នុងជម្លោះរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានរីករាលដាលពាសពេញមជ្ឈិមបូព៌ា។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា ចំណេះដឹងរបស់អ៊ុយក្រែនគឺទទួលបានក្នុងសង្គ្រាមរយៈពេលជាង ៤ឆ្នាំប្រឆាំងនឹងរុស្ស៊ី ដោយសារតែទីក្រុងមូស្គូបានប្រើដ្រូនដែលរចនាដោយអ៊ីរ៉ង់ជាយូរមកហើយ ដើម្បីវាយប្រហារអ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការយោធាចាប់ផ្ដើមក្នុងខែកុម្ភៈ ឆ្នាំ២០២២មក។
ថ្លែងក្នុងសុន្ទរកថាវីដេអូពេលយប់របស់លោក បន្ទាប់ពីវិលត្រឡប់ទៅកាន់ទីក្រុងគីវវិញ លោក Zelenskyy បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខ «ជាប្រវត្តិសាស្ត្រ» ត្រូវសម្រេចបានជាមួយអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា។ លោកបន្តថា អ៊ុយក្រែនក៏កំពុងធ្វើការជាមួយហ្ស៊កដានី និងកូវ៉ែត ហើយប្រទេសពីរផ្សេងទៀតគឺបារ៉ែន និងអូម៉ង់ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ៕


