ប្រតិភូធុរកិច្ចរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង អ៊ីនឈន (Incheon) ចាប់អារម្មណ៍ខ្ពស់ ចំពោះកាលានុវត្តភាពវិនិយោគ នៅកម្ពុជា និងបង្ហាញនូវការជួយជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាព វិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានជួបទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដែលដឹកនាំដោយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និង ឧស្សាហកម្មក្រុង Incheon (ICCI) ក្នុងគោលបំណងបង្ហាញបន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំង បើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត។
ក្នុងជំនួបនេះ, ឯកឧត្តមបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ តាម រយៈការដាក់ចេញនូវគោលនយោបាយវិនិយោគ ដែលមានភាពអនុគ្រោះខ្ពស់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, និងការពង្រឹង សុវត្ថិភាពសាធារណៈ។ ដោយឡែកពាក់ព័ន្ធនឹងការគាំទ្រដល់វិនិយោគិន កម្ពុជាមានយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-កូរ៉េ ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវភាពជោគជ័យ និងទំនុកចិត្តរបស់វិនិយោគិនក្នុងធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមបានលើកទឹកចិត្តឱ្យ ICCI ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាស ដែលមានសក្តានុពលឱ្យ មកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ព្រោះស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជា នៃពិភពលោក នាពេលបច្ចុប្បន្ន និងការធានាបាននូវស្ថិរភាពស្បៀងគឺជាកត្តាចាំបាច់បំផុត ហើយដែលវិស័យនេះជាវិស័យដែលមានសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគនៅកម្ពុជា និងសូមឱ្យ ICCI ពិចារណាវិនិយោគក្នុងការកែច្នៃកសិផលកម្ពុជា ធ្វើជាម្ហូបអាហារបែបកូរ៉េ និងវត្ថុ អនុស្សាវរីយ៍បែបកូរ៉េ ដែលការណ៍នេះក៏នឹងជួយទាក់ទាញទេសចរកូរ៉េមកកម្ពុជាផងដែរ។ ឯកឧត្តមបានបន្តលើកទឹកចិត្តដល់វិនិយោ- គិនកូរ៉េ ពិចារណាបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ សម្រាប់ទាក់ទាញកន្សោមឧស្សាហកម្មផងដែរ។
ជាការឆ្លើយតប លោក Joo Bong Park បានសម្តែងការចាប់អារម្មណ៍ខ្ពស់ ចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបាន បញ្ជាក់ពីបំណងក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជានិងពង្រីកសកម្មភាពវិនិយោគ នៅ ក្នុងវិស័យដែលមានសក្តានុពល។ លោកបានសង្កត់ធ្ងន់ថា វត្តមានផ្ទាល់របស់គណៈប្រតិភូនាពេលនេះ នឹងជួយបំភ្លឺនូវរាល់មន្ទិល សង្ស័យ និងព័ត៌មានមិនច្បាស់លាស់នានាដែលបានកើតឡើងកន្លងមក។ លើសពីនេះ លោកបានសន្យា នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុង ការផ្សព្វផ្សាយពីភាពរីកចម្រើន និងកិច្ចសម្របសម្រួលដ៏ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សមាជិកគណៈប្រតិភូក៏បានលើកឡើងពីការកត់សម្គាល់ឃើញ នូវការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពជូនដល់វិនិយោគិន៕អត្ថបទ៖ សុន រ៉ាឌី






