សម្តេចប្រធានរដ្ឋសភា៖ មិត្តភាពកម្ពុជា-ចិន ធន់ និងទុកចិត្តបាន នៅគ្រប់កាលៈទេសៈ

2026/03/31 09:26:33 pm        161

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។

សម្តេចបានលើកឡើងដូចនេះ ក្នុងឱកាសដែលឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។

នៅក្នុងឱកាសនោះ សម្តេចបានរំលឹកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹង និងពង្រីកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅគ្រប់ជំនាន់។ សម្តេចបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិននោះ ឡើយ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ កិច្ចអន្តរាគមន៍របស់ចិន មានយុទ្ធសាស្ត្រ និងយុទ្ធវិធីច្បាស់លាស់ និងហ្មត់ចត់។ ក្នុងនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានកិច្ចប្រជុំចង្អៀតត្រីភាគី ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅបឹងហ្វូសៀន (Fuxian Lake) ខេត្តយូណាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្ហាញពីតួនាទីដ៏សំខាន់ និងប្រកបដោយស្ថាបនាក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីកាត់បន្ថយការប៉ះទង្គិចដោយប្រដាប់អាវុធ និងនាំស្ថានភាពឆ្ពោះទៅកាន់សន្តិភាពឡើងវិញ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពបេសកកម្មការទូតរបស់ឯកឧត្តម វ៉ាង វិនពីន នៅកម្ពុជា ថា មានសកម្មភាពយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសម្ពោធសមិទ្ធផលនានា ដែលជាជំនួយរបស់មិត្តចិនចំពោះកម្ពុជា ដែលថ្មីៗនេះ គឺគម្រោងកសាងស្ពានថ្មីមេគង្គក្រចេះ ដែលជាស្ពានមិត្តភាពខ្មែរចិន ដែលនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ខាងមុខ ដែលជាការតភ្ជាប់ដ៏សំខាន់ក្នុងការរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជំនួយរបស់ចិន បាននិងកំពុងជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជានៅក្នុងគ្រាលំបាកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានចក្ខុវិស័យច្បាស់លាស់ ក្នុងការរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍ ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម វ៉ាង វិនពីន បានគោរពថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន។ មិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រកាសថា ជំនួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិន នឹងជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកភាពប្រក្រតីវិញ និងធានាបាននូវសន្តិភាពយូរអង្វែង។

ឯកឧត្តម វ៉ាង វិនពីន មានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា នឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែកម្ពុជាមានសក្តានុពល និងប្រជាពលរដ្ឋមានសាមគ្គីភាពយ៉ាងរឹងមាំ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចិននឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ដែលស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍យ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ។

ជាមួយគ្នានេះ សម្តេចបានអបអរសាទរ ចំពោះជោគជ័យនៃ “មហាសន្និបាតពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC)” និង “មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស (NPC)” កាលពីខែមីនាកន្លងមកនេះ ដែលបានបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធអភិបាលកិច្ច និងជាទិសដៅសំខាន់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពបន្ថែមទៀតរបស់ប្រទេសចិន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសង្ឃឹមថា ប្រទេសចិន នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសុខសន្តិភាពពិភពលោក និងស្តារសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ លើកកម្ពស់យន្តការពហុភាគីនិយម ដែលជាខែលសម្រាប់ប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចការពារអធិបតេយ្យភាព និងជំរុញការអភិវឌ្ឍរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm