ក្រុមសិទ្ធិមនុស្សមួយ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧០នាក់ ត្រូវបានសម្លាប់ និង ៣០នាក់ រងរបួស ក្នុងអំឡុងពេលវាយប្រហារមួយ នៅជិតទន្លេ Petite-Riviere ក្នុងតំបន់ Artibonite របស់ប្រទេសហៃទី ដោយចំនួននេះខ្ពស់ជាងការប៉ាន់ស្មានជាផ្លូវការ ដែលបានដាក់ចំនួនអ្នកស្លាប់ប្រហែល ១៦នាក់។

ប្រជាពលរដ្ឋ និងមន្ត្រី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការវាយប្រហារនេះ បានចាប់ផ្តើម នៅព្រឹកព្រលឹមថ្ងៃអាទិត្យ នៅក្នុងសហគមន៍ជនបទជុំវិញតំបន់ Jean-Denis ហើយបានបន្តរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទ ដោយសមាជិកក្រុមជនអន្ធពាលបានវាយលុកតំបន់នោះ និងដុតបំផ្លាញផ្ទះជាច្រើនខ្នង។

ក្រុមសិទ្ធិមនុស្ស Defenseurs Plus បាននិយាយថា ខ្លួនបានប៉ាន់ប្រមាណថា មនុស្ស ៦.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារអំពើហិង្សា។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សជាង ២.០០០ នាក់ បានចាកចេញពីផ្ទះរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុន បន្ទាប់ពីការវាយឆ្មក់ដោយក្រុមជនអន្ធពាលប្រដាប់អាវុធនៅក្បែរនោះ។
ពីដំបូងឡើយ នគរបាលបានរាយការណ៍ថា មនុស្ស ១៦នាក់ បានស្លាប់ និង ១០នាក់ រងរបួស ខណៈដែលរបាយការណ៍បឋមពីអាជ្ញាធរការពារស៊ីវិល បាននិយាយថា មនុស្ស ១៧នាក់ បានស្លាប់ និង ១៩ នាក់រងរបួស ភាគច្រើនគឺជាបុរស៕