សេតវិមានបានបញ្ជាក់កាលពីថ្ងៃចន្ទ (៣០ មីនា) ថា ខ្លួនមិនបានផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសគុយបានោះទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យនាវាដឹកប្រេងរុស្ស៊ីដែលជាប់ទណ្ឌកម្ម ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសកោះមួយនេះសម្រាប់ហេតុផលមនុស្សធម៌ក៏ដោយ ដោយនិយាយថា ការសម្រេចចិត្តផ្លាស់ប្តូរបែបនេះនឹងត្រូវដោះស្រាយជាដំណាក់កាលៗ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ប្រាប់អ្នកយកព័ត៌មានថា៖ «នេះមិនមែនជាការផ្លាស់ប្តូរគោលនយោបាយទេ។ មិនទាន់មានការផ្លាស់ប្តូរជាផ្លូវការណាមួយក្នុងគោលនយោបាយទណ្ឌកម្មឡើយ»។ លោកស្រីបន្តថា៖ «ដូចដែលប្រធានាធិបតី Trump បានបញ្ជាក់ គឺអាមេរិកបានអនុញ្ញាតឱ្យនាវាដឹកប្រេងនេះទៅដល់គុយបា ដើម្បីផ្តល់តម្រូវការមនុស្សធម៌ដល់ប្រជាជនគុយបា»។

អ្នកនាំពាក្យសេតវិមានរូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែរក្សាសិទ្ធិក្នុងការរឹបអូសនាវាដែលឆ្ពោះទៅគុយបា និងនាវាដែលរំលោភលើគោលនយោបាយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រសិនបើអាចអនុវត្តបានតាមផ្លូវច្បាប់។
គួរឱ្យដឹងថា សហរដ្ឋអាមេរិកបានកាត់ផ្តាច់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡាទៅកាន់គុយបា បន្ទាប់ពីផ្តួលរំលំអតីតមេដឹកនាំវ៉ណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣ ខែមករា ហើយលោកប្រធានាធិបតីអាមេរិកអាមេរិក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មពន្ធលើប្រទេសណាក៏ដោយដែលបញ្ជូនប្រេងឆៅទៅកាន់គុយបា៕
