រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃចន្ទ បានចោទប្រកាន់ប្រទេសអឺរ៉ុបមួយចំនួនថា នៅស្ងៀមចំពោះ«ការវាយប្រហារយ៉ាងឃោរឃៅប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់» ខណៈពេលដែលផ្តោតតែលើផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះនេះប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់ លោក Araghchi បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដើម្បីពិភាក្សាអំពីផលវិបាកពីការវាយប្រហារថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង។

លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងបន្តប្រតិបត្តិការការពារ រួមទាំងការវាយប្រហារលើមូលដ្ឋានយោធាអាមេរិក និងអ៊ីស្រាអែល នៅក្នុងប្រទេសក្នុងតំបន់ ហើយបានព្រមានថា ចលនាបង្កហេតុណាមួយនៅក្នុងច្រកសមុទ្រហ័រមូស រួមទាំងនៅអង្គការសហប្រជាជាតិ អាចធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។
លោក Barrot បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់បារាំងចំពោះការវាយប្រហារលើគោលដៅស៊ីវិល និងបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាម និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ដោយបានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងនៅទូទាំងអាស៊ីខាងលិច រួមទាំងនៅលីបង់ផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាកុងស៊ុលទ្វេភាគី និងបានយល់ព្រមបន្តការចូលរួមផ្នែកការទូត៕