ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) បានអំពាវនាវឲ្យមានបទឈប់បាញ់ជាមួយរុស្ស៊ី អំឡុងបុណ្យ Easter នៃសាសនាគ្រិស្តអូថូដុក ដោយស្នើឲ្យមានការផ្អាកការវាយប្រហារគ្នាទៅវិញទៅមក លើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីសម្រាលសម្ពាធលើទីផ្សារប្រេង និងឧស្ម័នសកល។
លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានតាមរយៈកម្មវិធី WhatsApp ថា៖ «យើងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់ ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យ Easter»។
លោកបានបញ្ជាក់ថា៖ «មនុស្សធម្មតាដែលគោរពស្រឡាញ់ជីវិត គួរតែមានគោលបំណងបញ្ចប់អរិភាពជាអចិន្ត្រៃយ៍។ ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសម្របសម្រួលណាមួយ លើកលែងតែការសម្របសម្រួលដែលពាក់ព័ន្ធនឹងសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោក Zelenskyy ក៏បានកត់សម្គាល់ផងដែរថា សញ្ញាថ្មីៗពីដៃគូអន្តរជាតិរបស់អ៊ុយក្រែនបានណែនាំឲ្យមានការអត់ធ្មត់កុំកំណត់គោលដៅរោងចក្រថាមពលរបស់រុស្ស៊ី។ ហើយលោកបានបន្ថែមថា៖ «ប្រសិនបើរុស្ស៊ីឈប់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង យើងនឹងចៀសវាងការវាយប្រហារបែបនោះដូចគ្នា»។
ភ្លាមៗនេះ មិនទាន់មានការឆ្លើយពីទីក្រុងមូស្គូនៅឡើយឡើយ។ ថ្ងៃបុណ្យ Easter នៃសាសនាគ្រិស្តអូថូដុក នឹងមាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំនេះ៕


