អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បាននិយាយថា សភាអ៊ីរ៉ង់កំពុងពិចារណាលើវិធានការ ដើម្បីដកប្រទេសនេះចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។
ទូរទស្សន៍ SNN បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«បញ្ហានៃការដកខ្លួនចេញពី NPT កំពុងត្រូវបានពិចារណា នៅក្នុងសភា។ តើអ្វីទៅជាចំណុចនៃការចូលរួមក្នុងសន្ធិសញ្ញានេះ ប្រសិនបើអ្នកលេងអន្តរជាតិ មិនអនុញ្ញាតឲ្យយើងរីករាយនឹងអត្ថប្រយោជន៍ និងសិទ្ធិដែលមានចែងក្នុងនោះ? សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មិនដែលស្វែងរក និងមិនស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ»។
នាពេលមុននេះ សមាជិកសភាលោក Alaeddin Boroujerdi បាននិយាយថា ការចូលរួមរបស់អ៊ីរ៉ង់នៅក្នុង NPT លែងមានភាពយុត្តិធម៌ទៀតហើយ បន្ទាប់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាមលោក ទីក្រុងតេអេរ៉ង់គួរតែដកខ្លួនចេញពីសន្ធិសញ្ញានេះ ហើយសមាជិកសភាភាគច្រើនគាំទ្រទស្សនៈនេះ។

អ៊ីរ៉ង់បានចាប់ផ្តើមអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ក្នុងការដឹកនាំរបស់ លោក Shah Mohammad Reza Pahlavi ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៥៨ ប្រទេសនេះ បានក្លាយជាសមាជិកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ នៅឆ្នាំ ១៩៦៨ ទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ នៅឆ្នាំ១៩៧០។ បន្ទាប់ពីការផ្តួលរំលំរបបលោក Shah ក្នុងឆ្នាំ ១៩៧៩ និងការប្រកាសសាធារណរដ្ឋឥស្លាម កម្មវិធីនុយក្លេអ៊ែរ ត្រូវបានផ្អាក រហូតដល់អាជ្ញាធរបានបន្តអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០។ ចាប់តាំងពីឆ្នាំ ២០០៣ មក ច្បាប់សាសនា ដែលចេញដោយមេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានចូលជាធរមាន នៅក្នុងប្រទេស អ៊ីរ៉ង់ ដោយហាមឃាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕
