ដោយដកស្រង់សម្តីពីបុគ្គល ៣នាក់ដែលដឹងពីបញ្ហានេះ សារព័ត៌មាន Financial Times (FT) បានរាយការណ៍កាលពីថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) ថា ឈ្មួញកណ្តាលម្នាក់មានជាប់ទាក់ទងជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានព្យាយាមធ្វើការវិនិយោគដ៏ធំ នៅក្នុងក្រុមហ៊ុនការពារជាតិធំៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មុនពេលមានការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក Sean Parnell បានលើកឡើងនៅលើបណ្ដាញសង្គម X ថា របាយការណ៍នេះ «គឺមិនពិត និងប្រឌិតឡើងទាំងស្រុង« ហើយទាមទារឲ្យលុបចោល។ របាយការណ៍របស់សារព័ត៌មាន FT បានលើកឡើងថា ឈ្មួញកណ្តាលរបស់លោក Hegseth នៅក្រុមហ៊ុន Morgan Stanley បានទាក់ទងក្រុមហ៊ុន BlackRock ក្នុងខែកុម្ភៈ ពាក់ព័ន្ធនឹងការវិនិយោគរាប់លានដុល្លារ នៅក្នុងកម្មវិធី Defence Industrials Active ETF របស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ពោលគឺមិនជាយូរប៉ុន្មានមុនពេលសហរដ្ឋអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

យោងតាមរបាយការណ៍របស់សារព័ត៌មាន FT បានឲ្យដឹងបន្ថែម ការវិនិយោគដែលបានពិភាក្សាដោយឈ្មួញកណ្តាលរបស់លោក Hegseth មិនបានបន្តទៅមុខនោះទេ ដោយសារមូលនិធិនេះ ដែលបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ២០២៥ មិនទាន់មានសម្រាប់អតិថិជនក្រុមហ៊ុន Morgan Stanley ទិញ នៅឡើយទេ។
លោក Parnell បានបញ្ជាក់ថា៖ «ទាំងលោករដ្ឋមន្ត្រី Hegseth និងតំណាងរបស់លោក មិនបានទាក់ទងក្រុមហ៊ុន BlackRock អំពីការវិនិយោគបែបនេះទេ»។ ក្រុមហ៊ុន BlackRock បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញរបាយការណ៍នេះ ខណៈដែលក្រុមហ៊ុន Morgan Stanley ក៏មិនបានឆ្លើយតបនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters៕
