ហែលទឹក៖ ផ្នែកមួយនៃការជំរុញយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចក្នុងជីវិត ” លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្យដឹងថា ចំណុចនេះសហព័ន្ធបានព្យាយាមអនុវត្តតាំងពីដើមមក ប៉ុន្តែអ្វីដែលយើងកំពុងតែធ្វើគឺកំពុងជំរុញទៅតាមសាលារៀន និងក្លិបហែលទឹកឯកជននានា ដោយរំលេចនូវអត្ថប្រយោជន៍កីឡាហែលទឹក។ ចំពោះមុខនឹងធ្វើឱ្យបានច្រើនតាមខេត្តនានា។

លោកអគ្គលេខាធិការបន្តទៀតថា សហព័ន្ធខ្មែរកីឡាហែលទឹកមិនត្រឹមតែផ្សព្វផ្សាយទេ សំខាន់ត្រូវមានសកម្មភាព ហើយត្រូវមានការបណ្ដុះបណ្ដាលគ្រូឱ្យបានច្រើន នៅតាមបណ្ដាខេត្ត។ យុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចក្នុងជីវិត ” ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ២០២៣ ដាក់ចេញឱ្យក្លាយជាចលនាកីឡាជាតិមួយ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដោយរលូន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមផែនការដែលបានគ្រោងទុក៕
អត្ថបទ៖ គង់ ហួន