ភ្នំពេញ ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារនិងហិរញ្ញវត្ថុ ឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព។
នៅក្នុងពិធីចុះហត្ថលេខានេះ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានមានប្រសាសន៍ថា យើងមានមោទនភាពដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ លោកជំទាវបានបន្តថា កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចីទិញផ្ទះជូនដល់អតិថិជន ហើយក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាផងដែរ។ នេះគឺជាកាលានុវត្តភាពមួយដែលផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនទាំងអស់ ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានលើកឡើងថា ស្របតាមទិសដៅអភិវឌ្ឍន៍របស់ធនាគារ យើងនឹងបន្តពង្រីកសកម្មភាពប្រតិបត្តិការរបស់ខ្លួន និងលើកកម្ពស់កម្រិតស្តង់ដារសេវាកម្ម និងផលិតផលថ្មីៗ ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របជូនដល់អតិថិជន និងទីផ្សារ។ ទន្ទឹមគ្នានេះ កិច្ចសហការរវាងធនាគារFTB និងក្រុមហ៊ុន អ័រគីដេ ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀត ជូនដល់អតិថិជនដែលកំពុងស្វែងរកនូវសេវាកម្ចីទិញលំនៅឋានសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព និងសម្រាប់ការវិនិយោគដែលទទួលបានផលចំណេញកាន់តែច្រើន។
សូមបញ្ជាក់ថា កិច្ចសហការដៃគូពាណិជ្ជកម្មខាងលើនេះ គឺអតិថិជនដែលទិញផ្ទះពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ។ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩,៣៥% សម្រាប់ប្រាក់ដុល្លារ និងត្រឹមតែ ៨,៧៥% សម្រាប់ប្រាក់រៀល ស្ថិតក្នុងលក្ខខណ្ឌងាយស្រួលក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ៕ អត្ថបទ ៖ បូរ៉ាវី





