យោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួន ៤នាក់ ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធគ្នានៅតំបន់ភាគខាងត្បូងលីបង់ ជាទីដែលកងកម្លាំងរបស់ពួកគេ បានប៉ះទង្គិចគ្នាជាមួយយុទ្ធជនក្រុមហេសបូឡា ក្រោយពួកគេបើកការវាយប្រហារតាមជើងគោកលើប្រទេសមួយនេះ ។
សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានបញ្ជាក់ឈ្មោះទាហាន ៣នាក់មកពីកងវរសេនាធំតែមួយ ដែលបានដួលអំឡុងពេលប្រយុទ្ធ ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ពួកគេនិយាយថា ទាហានម្នាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងឧបទ្ទេវហេតុដូចគ្នា ហើយទាហាន ២នាក់ទៀត បានរងរបួស ដោយពួកគេពុំបានបញ្ជាក់ឈ្មោះទាហាននោះទេ ។

គួរឲ្យដឹងថា ទាហានអ៊ីស្រាអែល ១០នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ផ្ទុះឡើងកាលពីថ្ងៃទី ២ ខែមីនារហូតមក បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ហើយមនុស្សជាង ១លាននាក់ផ្សេងទៀត បានរត់ភៀសខ្លួន ។
ខណៈពេលនោះដែរ បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់(UNIFIL) និយាយថា អ្នកថែរក្សាសន្តិភាពម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលកាំជ្រួចផ្លោងបានផ្ទុះនៅលើទីតាំងឈរជើងរបស់ពួកគេ ជិតភូមិ Adchit al-Qusayr ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ។
ក្រសួងការបរទេសឥណ្ឌូនេស៊ី និយាយនេះថា អ្នកថែរក្សាសន្តិភាពដែលបានស្លាប់ ស្ថិតនៅក្នុងចំណោមពលរដ្ឋរបស់ខ្លួន ហើយមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស ដោយសារការផ្លោងគ្រាប់កាំភ្លើងធំដោយប្រយោលនៅក្បែរតំបន់ឈរជើងរបស់ពួកគេ ស្ថិតនៅជិតភូមិ Adchit al-Qusayr ៕
