មនុស្សជាច្រើននាក់ សង្ស័យស្លាប់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ជាន់គ្នានៅព្រះវិហាររដ្ឋភាគខាងកើត Bihar របស់ប្រទេសឥណ្ឌានាថ្ងៃអង្គារនេះ ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅព្រះវិហារហិណ្ឌូ Goddess Sheetla ជាទីដែលក្រុមអ្នកគោរពបូជារាប់រយនាក់ ជាពិសេសស្រ្តី បានជួបជុំគ្នា ដើម្បីធ្វើអធិស្ឋាននៅថ្ងៃឫទ្ធិតាមប្រតិទិនហិណ្ឌូ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងឧបទ្ទេវហេតុជាន់គ្នានេះ ។

លោក Lalit Kumar គឺជាអ្នកស្រុកមួយរូបនិយាយថា នៅថ្ងៃឫទ្ធិនេះ មានមនុស្សច្រើនណាស់មកធ្វើអធិស្ឋាន ហើយក្រុមអ្នកគោរពបូជាប្រហែល ១៥-២០នាក់ ត្រូវបានគេជាន់ ក្នុងនោះមនុស្ស ៨នាក់ បានស្លាប់ ។
សូមបញ្ជាក់ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ជាន់គ្នាពេលព្រឹកព្រលឹមនៅព្រះវិហារ Maha Kumbh Mela ស្ថិតនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌាកាលពីខែមករា ឆ្នាំ ២០២៥ ស្របពេលដែលសាសនិកហិណ្ឌូរាប់លាននាក់ ជួបជុំគ្នាជ្រមុជទឹកបរិសុទ្ធនៅថ្ងៃឫទ្ធិនៃពិធីបុណ្យហិណ្ឌូរយៈពេល ៦សប្តាហ៍ ៕
