ដោយឆ្លើយតបទៅនឹងសំណួរមួយថាតើរដ្ឋបាលអាមេរិកកំពុងស្វែងរកការកើនឡើងនៃជម្លោះជាមួយទីក្រុងតេអេរ៉ង់ ឬបញ្ចប់អរិភាព អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Levitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការដាក់ពង្រាយអង្គភាពយោធាអាមេរិកបន្ថែមទៅកាន់តំបន់ឈូងសមុទ្រ មិនមានន័យថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើការសម្រេចចិត្តថ្មីណាមួយទាក់ទងនឹងប្រតិបត្តិការអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។
ដោយនិយាយអំពីការបង្កើនកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន នៅជិតទីក្រុងតេអេរ៉ង់ លោកស្រី Leavitt បានអះអាងថា៖«នេះ គឺជាការងាររបស់មន្ទីរបញ្ចកោណក្នុងការផ្តល់ជម្រើសអតិបរមាដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ នេះមិនមានន័យថា លោកបានធ្វើការសម្រេចចិត្តនោះទេ»។

លោកស្រី Leavitt បានកត់សម្គាល់ថា៖«ប្រធានាធិបតីបើកចំហចំពោះការស្តាប់ ប៉ុន្តែវាមិនរារាំងលោកពីការផ្តោតលើគោលបំណងយោធាដែលលោកបានកំណត់កាលពី ៣០ថ្ងៃមុននោះទេ និងថាយោធារបស់យើង កំពុងបន្តសម្រេចបានជារៀងរាល់ថ្ងៃ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានប្រកាសពីប្រតិបត្តិការសងសឹកមួយ ដោយកំណត់គោលដៅលើទីតាំងនានានៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅប្រទេសបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួមក៏ត្រូវបានវាយប្រហារផងដែរ៕
