ប្រមុខថាមពលរបស់សហភាពអឺរ៉ុប (EU) បានប្រាប់រដ្ឋមន្ត្រីនៃប្រទេសនានា មុនកិច្ចប្រជុំបន្ទាន់នៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះថា បណ្ដារដ្ឋាភិបាលរបស់ប្លុកនេះ គួរតែត្រៀម សម្រាប់ «ការរំខានរយៈពេលយូរ» ដល់ទីផ្សារថាមពល ដោយសារតែសង្គ្រាមអ៊ីរ៉ង់។
នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីថាមពល ចុះថ្ងៃទី៣០ ខែមីនា និងត្រូវបានឃើញដោយសារព័ត៌មាន Reuters ស្នងការថាមពល EU លោក Dan Jorgensen បានលើកឡើងថា រដ្ឋាភិបាលនានា ត្រូវបាន «ជំរុញឲ្យធ្វើការត្រៀមខ្លួនឲ្យទាន់ពេលវេលា សម្រាប់ការរំពឹងទុកដែលអាចកើតមានការរំខានរយៈពេលយូរ»។

ការពឹងផ្អែកយ៉ាងខ្លាំងរបស់អឺរ៉ុប លើប្រេងឥន្ធនៈនាំចូល មានន័យថា ទ្វីបនេះងាយនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជម្លោះមជ្ឈិមបូព៌ា ពាក់ព័ន្ធនឹងតម្លៃថាមពលសកល។ តម្លៃឧស្ម័នអឺរ៉ុប បានហក់ឡើងជាង ៧០ភាគរយ ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរបស់ប្លុក មិនត្រូវបានប៉ះពាល់ដោយផ្ទាល់ដោយការបិទផ្លូវដឹកជញ្ជូនដ៏សំខាន់ គឺច្រកសមុទ្រ Hormuz ឡើយ ដោយសារអឺរ៉ុបនាំចូលប្រភពថាមពលភាគច្រើនពីអ្នកផ្គត់ផ្គង់ នៅខាងក្រៅមជ្ឈិមបូព៌ា។
តែទោះជាយ៉ាងណាក្ដី លោក Jorgensen បាននិយាយថា ទីក្រុងប្រ៊ុចសែល មានក្ដីបារម្ភជាពិសេសរយៈពេលខ្លី អំពីការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់របស់អឺរ៉ុប ដូចជាប្រេងឥន្ធនៈយន្តហោះ និងប្រេងម៉ាស៊ូតជាដើម៕
