ពលរដ្ឋហ្កាហ្សារស់នៅក្នុងទីក្រុង Khan Younis នៅថ្ងៃអង្គារនេះ បានបង្ហាញការខកចិត្តរបស់ពួកគេចំពោះច្បាប់ទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសពីបទវាយប្រហារស្លាប់មនុស្ស ។
សភារបស់ប្រទេសអ៊ីស្រាអែល បានអនុម័តសេចក្តីស្នើច្បាប់មួយកាលពីថ្ងៃចន្ទ ដែលនឹងអនុញ្ញាតឲ្យមានការប្រហារជីវិតជនប៉ាឡេស្ទីនកាត់ទោសពីបទភេរវកម្ម ជាចំណាត់ការមួយត្រូវបានរិះគន់ថាជាការរើសអើង និងបានធ្វើឲ្យមានការជំទាស់ភ្លាមៗពីតុលាការ ។

គួរឲ្យដឹងថា សមាជិកសភាចំនួន ៦២រូប រួមទាំងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបោះឆ្នោតគាំទ្រ និង៤៨រូបប្រឆាំងនឹងសេចក្តីស្នើច្បាប់ទោសប្រហារជីវិតលើជនប៉ាឡេស្ទីន ។
សេចក្តីស្នើច្បាប់នេះ នឹងធ្វើឲ្យទោសប្រហារជីវិតក្លាយជាទោសលំនាំដើមសម្រាប់ជនប៉ាឡេស្ទីននៅតំបន់កាន់កាប់វ៉េសប៊ែង ដែលត្រូវបានរកឃើញថា មានទោសពីបទប្រព្រឹត្តការវាយប្រហារស្លាប់មនុស្ស ។
ច្បាប់មួយនេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិលើអ៊ីស្រាអែល ដែលស្ថិតក្រោមការពិនិត្យពិច្ច័យរួចទៅហើយសម្រាប់អំពើហិង្សាកើនឡើងដោយក្រុមអ្នកតាំងលំនៅនិគមន៍ជ្វីហ្វលើជនប៉ាឡេស្ទីន នៅតំបន់កាន់កាប់វ៉េសប៊ែង និងសង្រ្គាមប្រល័យពូជសាសន៍របស់ពួកគេនៅតំបន់ហ្កាហ្សា ។
លោក Ahmed Al-Ras គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា ការសម្រេចចិត្តមួយនេះ វាគ្មានយុត្តិធម៌រួចទៅហើយសម្រាប់អ្នកទោសប៉ាឡេស្ទីន ។
លោកបន្តថា ទោសប្រហារជីវិតនេះ នឹងនាំឲ្យមានការបាតប់បង់ជនប៉ាឡេស្ទីនជាច្រើននៅក្នុងពន្ធនាគារ ហើយវាក៏ជាអារម្មណ៍ដ៏ឈឺចាប់មួយផងដែរចំពោះបងប្អូន ឪពុកម្តាយ មិត្តភ័ក្តិ និងសាច់ញាតិរបស់អ្នកទោសប៉ាឡេស្ទីន ដែលកំពុងស្ថិតក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ពេលដែលមនុស្សជាទីស្រលាញ់របស់ពួកគេប្រឈមនឹងទោសប្រហារជីវិតបែបនេះ ៕
