ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum និយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកស្រី នឹងចាត់វិធានការតឹងរ៉ឹងជាងមុន បន្ទាប់ពីការស្លាប់ពលរដ្ឋម៉ិកស៊ិកម្នាក់ទៀតកាលពីសប្តាហ៍មុន ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងអន្តោប្រវេសន៍សហព័ន្ធសហរដ្ឋអាមេរិក ។

ការស្លាប់មនុស្សម្នាក់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទដោយទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក(ICE) បានធ្វើឲ្យចំនួនមនុស្សស្លាប់របស់ពលរដ្ឋម៉ិកស៊ិកនៅក្នុងមន្ទីរឃុំឃាំង ICE ចន្លោះឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ កើនឡើងដល់ ១៤នាក់ ។ នេះបើយោងតាមទិន្នន័យបង្ហាញជូនដោយរដ្ឋាភិបាលម៉ិកស៊ិកកាលពីសប្តាហ៍មុន ។
ការស្លាប់នេះដែរ បានកើតឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយយុវជនម៉ិកស៊ិកវ័យ ១៩ឆ្នាំម្នាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ ICE ។
លោកស្រី Sheinbaum និយាយប្រាប់សន្និសីទសារព័ត៌មាននាពេលព្រឹកថា អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុង Los Angeles ជំនួបត្រូវបានធ្វើឡើងជាមួយគ្រួសារមនុស្សដែលបានស្លាប់នៅមន្ទីរឃុំឃាំង Adelanto ក៏ដូចជំនួបជាមួយសម្ព័ន្ធសិទ្ធិជនអន្តោប្រវេសន៍ និងមជ្ឈមណ្ឌលច្បាប់ការពារជនអន្តោប្រវេសន៍ ដើម្បីការពារសហគមន៍ និងដាក់សម្ពាធក្រុមអាជ្ញាធរ ៕
