ប្រជាពលរដ្ឋគុយបានបង្ហាញនូវអារម្មណ៍ធូរស្រាលរបស់ពួកគេបន្តិច ចំពោះការមកដល់របស់នាវាដឹកប្រេងរុស្ស៊ី ស្របពេលសហរដ្ឋអាមេរិកបិទប្រេងលើប្រទេសកោះមួយនេះ ប៉ុន្តែពួកគេ និយាយថា ការដឹកជញ្ជូនប្រេងនេះ នឹងផ្តល់ការសម្រាលទុក្ខលំបាកបណ្តោះអាសន្នប៉ុណ្ណោះ សម្រាប់វិបត្តិប្រេងដ៏អាក្រក់របស់ប្រទេសពួកគេ ។
លោក Ismael de la Luz Caballero គឺជាពលរដ្ឋមួយរូបរបស់គុយបាដែលកំពុងនេសាទត្រីលើផែនិយាយថា លោកមើលឃើញការមកដល់របស់នាវាដឹកប្រេង ហើយការពិតដែលពួកគេអនុញ្ញាតឲ្យចូល វាពិតជាវិជ្ជមានខ្លាំងណាស់ ។
លោកបន្តថា នាវាមួយគ្រឿងនេះ មានប្រេងត្រឹមតែ ៧៥.០០០បារ៉ែលប៉ុណ្ណោះ ហើយវានឹងប្រើអស់ក្នុងរយៈពេល ១៥ថ្ងៃ ។ តើនឹងមានរឿងអ្វីកើតឡើងទៀតក្រោយពីនោះ? ពួកយើងនឹងត្រូវដាច់ចរន្តអគ្គិសនីដូចកាលពីមុន និងជួបវិបត្តិដឹកជញ្ជូន សូមអាមេរិកមេត្តាឲ្យពួកយើងរស់រាននឹងគេផង ។

ស្ថានភាពដ៏អាក្រក់បង្កឡើងពីកង្វះប្រេង ការដាច់ចរន្តអគ្គិសនីរាល់ថ្ងៃ និងការលំបាកកើនឡើងសម្រាប់ពលរដ្ឋគុយបា បានកាន់តែធ្ងន់ធ្ងរឡើងដោយសារការការផ្តាច់ការនាំចូលប្រេងពីប្រទេសវេណេស៊ុយអេឡា ដែលធ្លាប់ជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់គុយបា ។
លោក Nelson Gonzalez គឺជាអ្នកស្រុកមួយរូបទៀតរបស់គុយបារស់នៅក្នុងទីក្រុងឡាហាវ៉ាន់ និយាយដែរថា អ្នករាល់គ្នាដឹងច្បាស់ថា គុយបានាំចូលប្រេងរបស់ពួកគេ ដែលប្រើរយៈពេលខ្លីក្នុងការដឹកជញ្ជូនពីវេណេស៊ុយអេឡា តែឥឡូវពួកយើងត្រូវនាំចូលប្រេងពីរុស្ស៊ីដែលត្រូវការចំណាយពេលយូរ ។
លោកបន្តថា ពលរដ្ឋគុយរងគ្រោះខ្លាំងណាស់ដោយសារបញ្ហាមួយនេះ មិនថាកម្មករ ក្មេងៗ ពោលគឺពលរដ្ឋទាំងមូលរបស់គុយបាតែម្តង ។
រុស្ស៊ីនិយាយកាលពីថ្ងៃចន្ទថា នាវាដឹកប្រេងឆៅទម្ងន់ ១០ម៉ឺនតោន បានធ្វើដំណើរទៅដល់ប្រទេសគុយបាហើយ ៕
