អង្គការសហប្រជាជាតិ(UN) បានព្រមានកាលពីថ្ងៃចន្ទថា យេម៉ែនប្រឈមនៃការអូសទាញទៅក្នុងជម្លោះរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា ក្រោយកងកម្លាំងឧទ្ទាមហ៊ូធីស្ថិតក្រោមចំណុះអ៊ីរ៉ង់ បើកការវាយប្រហារលើអ៊ីស្រាអែល ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា UNមានការព្រួយបារម្ភជាខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រុមឧទ្ទាមហ៊ូធី ក្នុងការចូលរួមសង្រ្គាមក្នុងតំបន់ដោយផ្ទាល់ ហើយពួកយើងសូមជំរុញឲ្យក្រុមមួយនេះបញ្ឈប់សកម្មភាពយោធាបន្ថែមទៀត ។

លោក Dujarric និយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ពួកយើងបានព្រមានឥតឈប់ឈរពីហានិភ័យនៃការរីករាលដាលជម្លោះនៅតំបន់មជ្ឈិមបូព៌ា ហើយក្រុមឧទ្ទាមហ៊ូធី គួរជៀសវាងការចូលរួមបន្ថែមទៀត ហើយផ្ទុយទៅវិញ ត្រូវតាមរកដំណោះស្រាយការទូតតាមរយៈកិច្ចខិតខំសម្របសម្រួលដឹកនាំដោយ UN ។
វាគឺជាការវាយប្រហារលើកដំបូងរបស់ក្រុមហ៊ូធី លើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមហ្គាហ្សា ស្របពេលដែលភាពតានតឹក្នុងតំបន់កាន់តែឡើងកម្តៅខ្លាំង ហើយកងកម្លាំងសហរដ្ឋអាមេរិកបន្ថែមទៀត បានមកដល់តំបន់មជ្ឈិមបូព៌ា ។
អ៊ីស្រាអែលបានបញ្ជាក់ថា មីស៊ីលត្រូវបានបាញ់មកលើទឹកដីរបស់ខ្លួនចេញពីយេម៉ែនកាលពីថ្ងៃសៅរ៍ ។ ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗនទេពីគ្រោះថ្នាក់ ឬការខូចខាតនោះទេ ។
លោក Yahya Saree គឺជាអ្នកនាំពាក្យយោធាហ៊ូធី និយាយថា ក្រុមរបស់លោកបានបើកការវាយប្រហារលើកទី ២ ក្នុងរយៈពេល ២៤ម៉ោង ដោយប្រើប្រាស់មីស៊ីល និងយានដ្រូន ហើយពួកគេសន្យាថា នឹងបន្តប្រតិបត្តិការយោធា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕
