យោងតាមសារព័ត៌មានក្នុងស្រុក និងក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានឲ្យដឹងថា ការដឹកជញ្ជូនជំនួយមនុស្សធម៌លើកដំបូងពីអ៊ីរ៉ាក់ បានមកដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ ។
លោក Pirhossein Kolivand គឺជាប្រធានក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ និយាយថា ប្រទេសជាច្រើនបានប្រកាសការត្រៀមខ្លួនរបស់ពួកគេ និងផ្តល់ជំនួយ ហើយបច្ចុប្បន្នអ្នកអាចមើលឃើញយ៉ាងច្បាស់ហើយថា មនុស្សជាទីស្រលាញ់របស់ពួកយើងនៅអ៊ីរ៉ង់ បានបញ្ជូនជំនួយ ៣១៣តោនមកពីរុស្ស៊ី ហើយការដឹកជញ្ជូនឱសថនឹងមកដល់ផងដែរពីប្រទេសតាជីគីស្ថាន និងប្រទេសចិន ។ ប្រទេសជាច្រើនទៀត ក៏បានបញ្ជូនជំនួយមកកាន់ពួកយើងផងដែរ ។
លោកបន្តថា ពួកយើងបានទទួលជំនួយ ហើយនិងចាប់ផ្តើមចែកចាយបន្ទាន់ដល់បណ្តាខេត្តជាច្រើនដែលស្ថិតក្នុងជួរមុខនៃការវាយប្រហារ ហើយពួកយើងនឹងប្រើប្រាស់ជំនួយទាំងនេះ ។

សង្រ្គាមរយៈពេល ១ខែ បានរករាលដាលពាសពេញតំបន់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ បណ្តាលឲ្យមានការអាក់ខានដ៏ធំមិនធ្លាប់មានចំពោះការផ្គត់ផ្គង់ថាមពល និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ។
ជម្លោះមួយនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលចាប់តាំងពីនោះមក វាបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា បង្កឲ្យមានក្តីបារម្ភចំពោះផ្លូវដឹកជញ្ជូននៅជុំវិញឧបទ្វីបអារ៉ាប់ និងសមុទ្រក្រហម ៕
