ប្រទេសចិនបានស្វាគមន៍ដំណើរទស្សនកិច្ចលើកដំបូងរបស់សមាជិកសភាអឺរ៉ុប ក្នុងរយៈពេល ៨ឆ្នាំ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការធ្វើឲ្យទំនាក់ទំនងមានស្ថិរភាព បន្ទាប់ពីមានការលុបចោលទណ្ឌកម្មសងសឹក នៅឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា គណៈប្រតិភូសភាអឺរ៉ុប បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួននៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ។
ទស្សនកិច្ចនេះបញ្ចប់ការខកខានដ៏យូរដែលត្រូវបានសម្គាល់ដោយជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះការទូត ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ទោះបីជាភាពតានតឹងនៅតែបន្តមាន ជុំវិញពាណិជ្ជកម្ម និងការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែនក៏ដោយ។

លោកស្រី Mao បានបញ្ជាក់ថា គណៈកម្មការកិច្ចការនីតិបញ្ញត្តិនៃសភាប្រជាជនចិន បានអញ្ជើញសមភាគី EU របស់ខ្លួនឲ្យបំពេញទស្សនកិច្ច ដោយបន្ថែមថា ប្រទេសចិនជឿជាក់ថា ការផ្លាស់ប្ដូរនេះនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងអង្គនីតិបញ្ញត្តិទាំង២ និង «សម្រួលដល់ការរីកចម្រើនដ៏រឹងមាំ និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប»។
យោងតាមសេចក្តីថ្លែងការណ៍នៅមុននេះរបស់សភាអឺរ៉ុប បានឲ្យដឹងថា ដឹកនាំដោយលោកស្រី Anna Cavazzini គណៈប្រតិភូដែលមានសមាជិក ៩រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់ពួកគេ។ ក្រុមនេះតំណាងឲ្យគណៈកម្មាធិការទីផ្សារផ្ទៃក្នុង ហើយនឹងជួបជាមួយមន្ត្រីចិន ក្នុងនោះរួមមានទាំងលោក Shen Chunyao ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ដែលជាស្ថាប័នអង្គនីតិបញ្ញត្តិកំពូល៕
