នៅថ្ងៃអង្គារនេះ ទីក្រុងប៉េកាំងបង្ហាញការដឹងគុណ ពេលដែលពួកគេនិយាយថា នាវាចិន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់ Hormuz ដែលអ៊ីរ៉ង់បិទស្ទើទាំងស្រុង អំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ា ។
ទិន្នន័យតាមដានផ្លូវទឹក MarineTraffic បង្ហាញថា នាវា ២គ្រឿងក្នុងចំណោមនាវាទាំងនេះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់ Hormuz ដែលជាច្រកសមុទ្រសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន កាលពីថ្ងៃចន្ទ ពេលដែលវាចាកចេញពីតំបន់ឈូងសមុទ្រ ។

យោងតាមទិន្នន័យពី MarineTraffic បានឲ្យដឹងថា នាវា CSCL Indian Ocean បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកាលពីវេលាម៉ោង ៩ និង ១៤នាទី ម៉ោងសកលថ្ងៃចន្ទ ហើយរយៈពេល ២៧នាទីក្រោយមកឃើញនាវាទី ២ CSCL Arctic Ocean ធ្វើដំណើរឆ្លងកាត់វិញម្តង ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា បន្ទាប់ពីការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ នាវាចិន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយពួកយើងសូមបង្ហាញការដឹកគុណរបស់ពួកយើងចំពោះភាគីពាក់ព័ន្ធ សម្រាប់ជំនួយផ្តល់ជូន ។ អ្នកស្រីពុំបានអះអាងឈ្មោះអ៊ីរ៉ង ឬផ្តល់រឿងរ៉ាវលម្អិតពីនាវាទី ៣នោះទេ ។
សូមបញ្ជាក់ថា ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz បានធ្លាក់ចុះស្ទើដល់កម្រិតសូន្យ ចាប់តាំងពីអ៊ីរ៉ង់បិទដោយមានប្រសិទ្ធិភាពការឆ្លងកាត់ច្រកសមុទ្រមួយនេះ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសរបស់ពួកគេ ៕
