នៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ សមាជិកព្រឹទ្ធសភាបារាំង នឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់មួយ ដែលមានគោលបំណងហាមឃាត់ការចូលប្រើប្រាស់បណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ ដោយចូលរួមជាមួយប្រទេសនានា ជុំវិញពិភពលោក ក្នុងការពិចារណាលើចំណាត់ការមួយដែលមិនទទួលបានការមិនពេញពីក្មេងជំទង់ជាច្រើន ប៉ុន្តែត្រូវបានគាំទ្រដោយឪពុកម្តាយ និងគ្រូបង្រៀនមួយចំនួន។
ប្រធានាធិបតី លោក Emmanuel Macron ចង់ឲ្យច្បាប់នេះត្រូវបានអនុវត្តទាន់ពេលវេលា សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់ គឺនៅខែកញ្ញា។ ប្រសិនបើត្រូវបានអនុម័ត បារាំងនឹងដើរតាមគន្លងរបស់អូស្ត្រាលីដែលការចេញបម្រាមដំបូងគេរបស់ពិភពលោក សម្រាប់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ នៅលើវេទិកានានា រួមមាន Facebook, Snapchat, TikTok និង YouTube បានចូលជាធរមានកាលពីខែធ្នូឆ្នាំមុន។
ប្រទេសនានា នៅទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងទៀត កំពុងពិចារណាវិធី ដើម្បីរឹតបន្តឹងបណ្ដាញសង្គម បន្ទាប់ពីមានការយល់ដឹងកាន់តែខ្លាំងឡើង អំពីហានិភ័យ ចំពោះកុមារ។
សមាជិកសភាបារាំង លោកស្រី Laure Miller ដែលជាអ្នកតាក់តែងសេចក្តីព្រាងច្បាប់នេះ បាននិយាយថា៖ «គំនិតនេះ គឺដើម្បីអាចទាមទារឲ្យវេទិកាអនុវត្តការផ្ទៀងផ្ទាត់អាយុដែលអាចទុកចិត្តបាន រឹងមាំ និងការពារទិន្នន័យផ្ទាល់ខ្លួន»។
លោកស្រី បាននិយាយថា៖ «វាគឺច្បាស់ណាស់ថា យុវជនអាចចូលប្រើស្មាតហ្វូនបាន នៅអាយុកាន់តិចទៅៗ។ រឿងនេះមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍរបស់ពួកគេ ទាំងអាកប្បកិរិយា និងសតិបញ្ញា»។ លោកស្រីបានផ្ដល់ហេតុផលថា រដ្ឋាភិបាលត្រូវតែគ្រប់គ្រងរឿងនេះ ហើយមិនត្រូវទុកវាឲ្យស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនបណ្ដាញសង្គមយក្សនោះទេ។
តែយ៉ាងក្ដី ផែនការរបស់លោកស្រី Miller និងលោក Macron អាចប្រឈមនឹងឧបសគ្គនៅក្នុងព្រឹទ្ធសភា។ ប្រសិនបើព្រឹទ្ធសភាទាំងមូលគាំទ្រវិសោធនកម្មនេះ នោះអាចនាំឲ្យមានជជែកផ្លាស់ប្ដូរគ្នាទៅវិញទៅមក រវាងសភាទាំង២ ទោះបីជាសភាជាន់ទាបគឺជាអ្នកសម្រេចចុងក្រោយក៏ដោយ៕