វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនទាន់បានឃើញនៅឡើយទេនូវសំណើ «ដែលត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់» ពីអ៊ុយក្រែន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន នៅថ្ងៃឈប់សម្រាកបុណ្យ Easter។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងគីវបានត្រៀមរួចជាស្រេច សម្រាប់បទឈប់បាញ់ជាមួយទីក្រុងមូស្គូ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ Easter ក្នុងនោះរួមទាំងការបញ្ឈប់ការវាយប្រហារទៅវិញទៅមក លើរោងចក្រថាមពល ដើម្បីបន្ធូរបន្ថយវិបត្តិប្រេងសកលដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន រួមទាំងសារព័ត៌មាន AFP ផងដែរថា៖ «ពីសេចក្តីថ្លែងការណ៍របស់លោក Zelenskyy ដែលយើងបានអាន យើងមិនទាន់បានឃើញគំនិតផ្តួចផ្តើមដែលបានរៀបចំឡើងយ៉ាងច្បាស់លាស់ណាមួយ សម្រាប់បទឈប់បាញ់ថ្ងៃបុណ្យ Easter ឡើយ»។
លោក Peskov បានបន្ថែមថា៖ «យើងសូមបញ្ជាក់ម្តងទៀតថា លោក Zelenskyy ត្រូវតែទទួលខុសត្រូវ និងធ្វើការសម្រេចសមស្រប ដើម្បីឲ្យយើងអាចសម្រេចបានសន្តិភាព មិនមែនបទឈប់បាញ់នោះទេ»។
រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀត ចំពោះការមានបទឈប់បាញ់ នៅអ៊ុយក្រែន ដោយលើកឡើងថា ខ្លួនកំពុងជំរុញឲ្យមានដំណោះស្រាយសន្តិភាពចុងក្រោយ។ ចំណែកអ៊ុយក្រែនវិញ ប្រាប់ថា រុស្ស៊ីកំពុងពន្យារពេលសង្គ្រាមដោយចេតនា ដើម្បីដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយមិនមានការចាប់អារម្មណ៍ពិតប្រាកដឡើយ ចំពោះសន្តិភាព៕