លោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យបណ្ដាប្រទេសដែលមិនបានជួយក្នុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ទិញប្រេងរបស់សហរដ្ឋអាមេរិក ឬទៅច្រកសមុទ្រ Hormuz ហើយយកប្រេងដោយខ្លួនឯង។
លោក Trump បានលើកឡើងពីចក្រភពអង់គ្លេស និងបារាំងថា ជាប្រទេសមិនបានផ្ដល់ប្រយោជន៍អ្វីសោះ នៅក្នុងសង្គ្រាមរយៈពេល ១ខែដែលបានធ្វើឲ្យទីផ្សារពិភពលោករង្គោះរង្គើ ជំរុញឲ្យតម្លៃថាមពលឡើងខ្ពស់ និងឃើញអ៊ីរ៉ង់បិទចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រនេះ។
លោក Trump បានបង្ហោះសារនៅបណ្ដាញសង្គម Truth Social ថា៖ «ប្រទេសទាំងអស់ដែលមិនអាចទទួលបានប្រេងឥន្ធនៈយន្តហោះ ដោយសារតែច្រកសមុទ្រ Hormuz ដូចជាចក្រភពអង់គ្លេសដែលបានបដិសេធមិនចូលរួមក្នុងការប្រយុទ្ធជាមួយអ៊ីរ៉ង់ ខ្ញុំមានយោបល់មួយសម្រាប់អ្នក នោះគឺ ទី១ ទិញពីសហរដ្ឋអាមេរិក ដែលយើងមានច្រើនណាស់ និងទី២ ប្រមូលភាពក្លាហានដែលគួរមានយូរហើយទៅច្រកសមុទ្រ ហើយយកវា (ប្រេង) ចុះ»។
លោក Trump បានសរសេរបន្ថែមថា៖ «អ្នកនឹងត្រូវចាប់ផ្តើមរៀនពីរបៀបប្រយុទ្ធ ដើម្បីខ្លួនឯង សហរដ្ឋអាមេរិក នឹងមិនមានវត្តមាន ដើម្បីជួយអ្នកទៀតទេ ដូចអ្នកមិនមានវត្តមាន សម្រាប់ពួកយើងដែរ។ ផ្នែកពិបាកៗ បានបញ្ចប់ហើយ។ ទៅយកប្រេងដោយខ្លួនឯងចុះ!»។
ជាមួយគ្នានេះ លោកក៏បានរិះគន់ប្រទេសបារាំងដែលមិនអនុញ្ញាតឲ្យយន្តហោះដឹកសម្ភារៈយោធាទៅកាន់អ៊ីស្រាអែលហោះហើរពីលើដែនដីរបស់បារាំង៕