ក្រុមបរិស្ថានិយាយនៅថ្ងៃអង្គារនេះថា ការបាត់បង់ព្រៃឈើនៅឥណ្ឌូនេស៊ី បានហក់ឡើងខ្ពស់ចំនួន ៦៦ភាគរយ ដែលជាអត្រាខ្ពស់បំផុតរបស់ពួកគេ ក្នុងរយៈពេល ៨ឆ្នាំ ដោយសារការការពារបរិស្ថានទន់ខ្សោយ ។
ប្រទេសប្រជុំកោះមានកោះរាប់ពាន់កោះនេះ ស្ថិតក្នុងចំណោមប្រទេសដែលមានព្រៃស្តុកក្រាស់ឃ្មឹកបំផុតរបស់ពិភពលោក ហើយនិងជាតំបន់ជីវចម្រុះច្រើនបំផុតផងដែរ ប៉ុន្តែប្រទេសមួយនេះ ពឹងផ្អែកខ្លាំង លើការជីកយករ៉ែ និងចម្ការដូងប្រេង ដើម្បីទ្រទ្រង់សេដ្ឋកិច្ចតម្លៃ ១,៤សែនកោដិដុល្លាររបស់ខ្លួន ដែលជាសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ។
អង្គការ Auriga Nusantaraដែលជាក្រុមស្រាវជ្រាវផ្តោតសំខាន់លើព្រៃឈើ និងជីវចម្រុះនៅប្រទេសឥណ្ឌូនេស៊ី បានប្រើប្រាស់រូបភាពផ្កាយរណបគុណភាពខ្ពស់ រួមបញ្ចូលការធ្វើដំណើរដោយផ្ទាល់ទៅកាន់ព្រៃទំហំ ៤៩.០០០ហិចតានៅទូទាំងខេត្តចំនួន ១៦ របស់ឥណ្ឌូនេស៊ី ។ ពួកគេបានចាត់ទុកកម្មវិធីស្បៀងអាហាររបស់លោកប្រធានាធិបតី Prabowo Subianto ថាជាកត្តារួមផ្សំដ៏សំខាន់ ។
កម្មវិធីនេះ មានគោលបំណងជំរុញទិន្នផលក្នុងស្រុកនៃផលិតផលកសិកម្មសំខាន់ៗដូចជាស្រូវ និងកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌូនេស៊ីលើការនាំចូល ។
យោងតាមការគណនារបស់អង្គការ Auriga Nusantaraបានឲ្យដឹងថា រដ្ឋាភិបាលបានបែងចែកផ្ទៃដីព្រៃឈើចំនួន ២០,៦ លានហិកតា សម្រាប់កម្មវិធីស្បៀងអាហារ ថាមពល និងកម្មវិធីពាក់ព័ន្ធនឹងទឹក ក្នុងឆ្នាំ ២០២៥ ស្មើនឹង ៤៣ភាគរយនៃព្រៃធម្មជាតិ ។
ព្រៃឈើបម្រុងស្បៀងអាហារចំនួនជាង ៧៨.០០០ហិចតា ត្រូវបានកាប់ឆ្ការកាលពីឆ្នាំមុន គឺជាផ្ទៃដីមួយស្មើនឹងទីក្រុងញូវយ៉ក ។ នៅក្នុងចំណោមកោះរបស់ឥណ្ឌូនេស៊ី កោះ Borneo មើលឃើញការកាប់ឆ្ការព្រៃឈើលឿនបំផុតកាលពីឆ្នាំមុន ក្នុងនោះកោះ Sumatra និងកោះ Papua ឈរនៅចំណាប់ថ្នាក់ទី ២ និងទី ៣ ។ ខេត្ត East Kalimantan ដែលជាទីតាំងសម្រាប់រដ្ឋធានីថ្មីតាមការគ្រោងទុករបស់ឥណ្ឌូនេស៊ី គឺជាខេត្តរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។
ខេត្តចំនួន ៣នៅលើកោះ Sumatra ដែលរកផលប៉ះពាល់ដោយសារបំណាក់ដី និងទឹកជំនន់កាលពីឆ្នាំមុន មើលឃើញការកើនឡើងយ៉ាងឆាប់រហ័សនៃការកាប់បំផ្លាញព្រៃឈើ ក្នុងនោះខេត្ត Aceh កើនឡើង ៤២៦ភាគរយ ខេត្ត North Sumatra កើនឡើង ២៨១ភាគរយ និងខេត្ត West Sumatra កើនឡើង ១.០៣៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ៕