យោងតាមប្រភពព័ត៌មានកាលពីថ្ងៃអង្គារ (៣១ មីនា) បានឱ្យដឹងថា បារាំង និងអ៊ីតាលី បានបង្ហាញជំហរប្រឆាំងទៅនឹងប្រតិបត្តិការមួយចំនួននៃយុទ្ធនាការសឹករួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ស្របពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្តរិះគន់សម្ព័ន្ធមិត្តណាតូ នៅអឺរ៉ុបថា មិនបានជួយអ្វីសោះក្នុងសង្គ្រាមរយៈពេលជាងមួយខែកន្លងមកនេះនៅអ៊ីរ៉ង់ ដែលបង្ហាញឱ្យឃើញពីការបែកបាក់គ្នាកាន់តែស៊ីជម្រៅ។

ការសម្រេចចិត្តទាំងនេះកើតឡើង ស្របពេលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងដៃគូសំខាន់ៗជុំវិញបញ្ហាសង្គ្រាម ហើយក្ដីបារម្ភពីជម្លោះនៅមជ្ឈិមបូព៌ា ក៏កាន់តែខ្លាំងក្លាឡើង។ កាលពីដើមខែនេះ លោក Trump បានហៅសម្ព័ន្ធមិត្តណាតូ ដែលមានទំនាក់ទំនងយូរអង្វែងថាជា «ពួកកំសាក» ដោយសារខ្វះការគាំទ្រក្នុងជម្ឡើនេះ។ កាលពីថ្ងៃអង្គារ លោកក៏រិះគន់យ៉ាងខ្លាំងដល់បណ្តាប្រទេសដែលមិនបានជួយក្នុងប្រតិបត្តិការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។

លោក Trump បានចោទបារាំងថា បានរារាំងយន្តហោះដឹកជញ្ជូនស្បៀងយោធាទៅកាន់អ៊ីស្រាអែល មិនឱ្យហោះហើរកាត់ដែនអាកាសរបស់ខ្លួន ដោយលោកបានបង្ហោះលើបណ្តាញសង្គម Truth Social ដោយក្ដីមិនពេញចិត្តថា បារាំងគឺ «មិនផ្តល់កិច្ចសហការទាល់តែសោះ»។ វិមានប្រធានាធិបតីបារាំងបានសម្តែងការភ្ញាក់ផ្អើលចំពោះសារបង្ហោះនេះ ហើយបានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្លួនគឺស្របទៅនឹងគោលនយោបាយរបស់បារាំង ចាប់តាំងពីជម្លោះបានចាប់ផ្តើម។
ដោយឡែក ប្រភពបានឱ្យដឹងថា កាលពីសប្តាហ៍មុន ប្រទេសអ៊ីតាលីបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella ក្នុងកោះ Sicily មុនពេលហោះហើរបន្តទៅកាន់មជ្ឈិមបូព៌ានោះទេ។ ទន្ទឹមនឹងនោះ អេស្ប៉ាញក៏បានការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការបិទដែនអាកាសទាំងស្រុងចំពោះយន្តហោះអាមេរិក ដែលពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់ផងដែរ៕

