រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានលើកឡើងកាលពីថ្ងៃអង្គារ (៣១ មីនា) ថា ប៉ុន្មានថ្ងៃខាងមុខទៀតនេះ នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ នឹងក្លាយជាដំណាក់កាលដាច់ណាត់បំផុត ហើយបានព្រមានទីក្រុងតេអេរ៉ង់ថា ជម្លោះនឹងកាន់តែខ្លាំងក្លាឡើង ប្រសិនបើមិនមានការចុះកិច្ចព្រមព្រៀងណាមួយនោះទេ។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយបកវិញ ជាមួយនឹងការគំរាមកំហែងថ្មីប្រឆាំងនឹងក្រុមហ៊ុនអាមេរិកនានានៅក្នុងតំបន់ ចាប់ពីថ្ងៃពុធ ទី១ ខែមេសា នេះតទៅ។ បញ្ជីនោះរួមមានអាជីវកម្មចំនួន ១៨ស្ថាប័ន រួមមានក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Intel ក្រុមហ៊ុន IBM ក្រុមហ៊ុន Tesla និងក្រុមហ៊ុន Boeing។ ឆ្លើយតបទៅនឹងការគំរាមកំហែងប្រឆាំងនឹងផលប្រយោជន៍សាជីវកម្មអាមេរិកនេះ មន្ត្រីសេតវិមានមួយរូបបាននិយាយថា យោធាអាមេរិក «បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីទប់ស្កាត់រាល់ការវាយប្រហារទាំងអស់»។

ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth ដែលត្រូវបានរាយការណ៍ថា លោកបានចុះទៅពិនិត្យកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាដោយផ្ទាល់កាលពីថ្ងៃសៅរ៍ បាននិយាយថា ប្រធានាធិបតី Donald Trump មានបំណងចង់ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្រ្គាម។ លោកបានបន្តថា ការចរចាកំពុងបន្ត និងមានសន្ទុះខ្លាំង ប៉ុន្តែសហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តសង្រ្គាម ប្រសិនបើអ៊ីរ៉ង់មិនអនុវត្តតាម ហើយប៉ុន្មានថ្ងៃខាងមុខនេះ នឹងជាដំណាក់កាលដាច់ខាតបំផុត។
ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា បានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ដែលបាននិយាយកាលពីថ្ងៃអង្គារថា លោកបានទទួលសារដោយផ្ទាល់ពីបេសកជនពិសេសរបស់អាមេរិក លោក Steve Witkoff ប៉ុន្តែសារទាំងនោះមិនមែនជា «ការចរចា» នោះទេ៕

