ប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្លាក់នៅជិតផ្លូវអាកាសយានដ្ឋានធំនៅទីក្រុងបេរូត កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពបីនាក់ត្រូវបានសម្លាប់នៅភាគខាងត្បូង។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា យោធារបស់ប្រទេសលោកនឹងកាន់កាប់តំបន់នៅភាគខាងត្បូងប្រទេសលីបង់ទោះបីនៅក្រោយសង្គ្រាមបច្ចុប្បន្នប្រឆាំងក្រុមហេសបូឡាបានបញ្ចប់ក៏ដោយ។

វាពុំមែនជាសេចក្តីប្រកាសលើកដំបូងរបស់អ៊ីស្រាអែលដែលបង្ហាញពីបំណងកាន់កាប់តំបន់មួយចំនួននៅភាគខាងត្បូងនោះទេ ប៉ុន្តែវាច្បាស់បំផុតចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានរាលដាលដល់ប្រទេសលីបង់ នៅថ្ងៃទី២ ខែមីនា។ វាបានជំរុញឱ្យមានការថ្កោលទោសពីរដ្ឋមន្ត្រីក្រសួងការពារជាតិលីបង់ លោក Michel Menassa ដែលបាននិយាយថា ផែនការទាំងនោះគឺជា «ការឈ្លានពានកាន់តែចូលជ្រៅ» ប្រឆាំងប្រទេសរបស់លោក។

ក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់ បានទាញប្រទេសលីបង់ឲ្យធ្លាក់ចូលក្នុងសង្គ្រាមដោយបើកការវាយប្រហារលើអ៊ីស្រាអែលដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ អ៊ីស្រាអែល បានឆ្លើយតបដោយការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសលីបង់ និងការវាយលុកតាមជើងគោក។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានថ្កោលទោសការដាក់ពង្រាយកងទ័ពរបស់អ៊ីស្រាអែលប្រឆាំងគោលដៅក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ថាជា «ការឈ្លានពានខុសច្បាប់» ដែលរំលោភលើ «សុចរិតភាព និងអធិបតេយ្យភាព»។