នៅឆ្នាំ២០២៦ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងមានការប្រកួតជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសការត្រៀមសម្រាប់ការប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅប្រទេសជប៉ុន។
នេះជាការលើកឡើងរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម យី វាសនា បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ កម្ពុជា នឹងចូលរួមការប្រកួតជើងឯកបាល់បោះជនពិការ ហើយសម្រាប់ខ្នាតជាតិ មានរៀបចំការប្រកួតកីឡាជាតិជនពិការលើកទី៣ និងរៀបចំ ត្រៀមការប្រកួតកីឡាអាស៊ីរ៉ាប៉ារ៉ាហ្គេម នៅប្រទេសជប៉ុននាពេលខាងមុខនេះ។
ឯកឧត្តម អគ្គលេខាធិការ បន្តដែរថា ឆ្នាំនេះដែរ ប៉ារ៉ាឡាំពិកកម្ពុជា ក៏នឹងត្រៀមលក្ខណៈវិនិយោគទៅលើជម្រើសជាតិប៉ារ៉ាឡាំពិក ឆ្ពោះទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៧នៅប្រទេសម៉ាឡេស៊ី។
សូមជម្រាបជូនថាសន្និបាតរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយឯកឧត្តមក៏បានផ្ដល់អនុសាសន៍មួយចំនួនក្នុងន័យលើកកម្ពស់ និងជំរុញឱ្យកីឡាប៉ារ៉ាឡាំពិកកម្ពុជាកាន់ខ្លាំងលើឆាកអន្តរជាតិ៕








