នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ថា អ៊ីស្រាអែល នឹងបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងទីក្រុងតេអេរ៉ង់ ដោយប្រកាសថា ខ្លួននឹងបន្ត «កម្ទេចរបបភេរវកម្មអ៊ីរ៉ង់»។ លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា «យុទ្ធនាការ នៅមិនទាន់ចប់នៅឡើយទេ»។ «យើងនឹងបន្តកម្ទេចរបបភេរវកម្មនេះ»។

ការអត្ថាធិប្បាយរបស់លោក Netanyahu ធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសរបស់លោកមាន «ឆន្ទៈចាំបាច់» ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែកំពុងស្វែងរកការធានាថា ជម្លោះនឹងមិនកើតឡើងម្តងទៀតឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកដែលបានថ្លែងនៅមុនពិធីបុណ្យមួយរបស់ជនជាតិជ្វីហ្វ លោក Netanyahu បាននិយាយថា «យើងត្រូវតែមានចំណាត់ការ ហើយយើងនឹងធ្វើសកម្មភាព»។ លោកបាននិយាយបន្ថែមថា «យើងនៅតែរឹងមាំក្នុងបេសកកម្មរបស់យើង ហើយយើងបានផ្លាស់ប្តូរមុខមាត់នៅមជ្ឈិមបូព៌ា» ដោយអះអាងថា ទោះបីជាសង្គ្រាមកំពុងបន្តក៏ដោយ អ៊ីស្រាអែលបានលេចចេញជា «មហាអំណាចក្នុងតំបន់»។
លោក Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាប់ផ្តើមសង្គ្រាមថ្មី នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamanei ដែលបានបង្កឱ្យមានរលកនៃការវាយប្រហារសងសឹកនៅទូទាំងតំបន់។