កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារ (៣១ មីនា) ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែបញ្ជូនក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះគ្រឿងទីបីទៅកាន់មជ្ឈិមបូព៌ា គឺនាវាផ្ទុកយន្តហោះ USS George H.W. Bush ដែលកំពុងឆ្ពោះទៅចូលរួមជាមួយនាវាផ្ទុកយន្តហោះពីរគ្រឿងដែលមានស្រាប់នៅទីនោះ គឺនាវាផ្ទុក USS Abraham Lincoln និងនាវា USS Gerald R. Ford ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។

របាយការណ៍ WSJ បានឱ្យដឹងថា ការដាក់ពង្រាយនេះអាចធ្វើឱ្យនាវាផ្ទុកយន្តហោះអាមេរិកចំនួនបីគ្រឿង ឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ាសម្រាប់ «អនាគតដែលអាចមើលឃើញទុកជាមុន»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកអាមេរិក នាវាផ្ទុកយន្តហោះនេះបានចាកចេញពីស្ថានីយកងទ័ពជើងទឹក Norfolk ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី៣១ ខែមីនា។

របាយការណ៍ WSJ និយាយថា នាវាផ្ទុកយន្តហោះអាចចំណាយពេលច្រើនសប្តាហ៍ដើម្បីទៅដល់មជ្ឈិមបូព៌ា។ របាយការណ៍បន្តថា ការដាក់ពង្រាយនេះបានធ្វើឡើង ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងថ្លឹងថ្លែងជម្រើសយោធាបន្ថែមទៀតនៅអ៊ីរ៉ង់ និងខណៈដែលកងកម្លាំងអាមេរិក កាន់តែច្រើនត្រូវបញ្ជូនចូលទៅក្នុងតំបន់ ដោយកត់សម្គាល់ថា អង្គភាពបេសកកម្មកងម៉ារីនមួយក្រុមដែលចេញដំណើរលើនាវាចម្បាំងថលជលិក បានចូលក្នុងដែនទឹកមជ្ឈិមបូព៌ារួចរាល់ហើយកាលពីចុងសប្តាហ៍។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយរបស់ WSJ កាលពីថ្ងៃចន្ទ បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលអាមេរិកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ជំនួយការរបស់លោកថា លោកមានឆន្ទៈបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រហ័រមូសនៅតែបិទភាគច្រើនក៏ដោយ៕

