លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ៣១មីនាសប្ដាហ៍នេះថា ទីក្រុងមូស្គូកំពុងផ្តល់ពេលឱ្យទីក្រុងគីវពីរខែដើម្បីដកខ្លួនចេញពីតំបន់ Donbas ឬប្រឈមនឹងការទាមទារថ្មីនៅក្នុងការចរចាសន្តិភាព។

លោក Zelenskyy បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលក្រុង Bucha ក្នុងទឹកដីអ៊ុយក្រែន ថា រុស្ស៊ីកំពុងផ្តល់សញ្ញាដល់សហរដ្ឋអាមេរិកថា ខ្លួនអាចដណ្តើមយកតំបន់នេះដោយកម្លាំងក្នុងរយៈពេលនោះ ហើយបន្ទាប់មកនឹងទាមទារលក្ខខណ្ឌផ្សេងៗក្នុងការចរចា។

លោកបានអត្ថាធិប្បាយថា រូបលោកភ្ញាក់ផ្អើលណាស់ដែលនរណាម្នាក់អាចជឿរឿងនេះ។ លោកថា រុស្ស៊ីមិនអាចដណ្តើមយកតំបន់ Donbas ដោយយោធាក្នុងរយៈពេលពីរខែបានទេ ដូច្នេះហើយកំពុងដាក់សម្ពាធក្នុងការចរចា។
ឋានៈរបស់តំបន់ Donbas គឺជាចំណុចជាប់គាំងដ៏សំខាន់មួយក្នុងការចរចាសន្តិភាពសម្របសម្រួលដោយអាមេរិករវាងទីក្រុងគីវ និងទីក្រុងមូស្គូ ដែលភាគច្រើនបានជាប់គាំង ខណៈការផ្តោតអារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរទៅសង្គ្រាមជាមួយអ៊ីរ៉ង់។
លោក Zelenskyy បាននិយាយថា លោកនឹងចូលរួមជុំបន្ទាប់នៃកិច្ចពិភាក្សាអ៊ុយក្រែន-អាមេរិក។ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងតាមអនឡាញនៅថ្ងៃទី១មេសានេះ រួមជាមួយមន្ត្រីសន្តិសុខកំពូលអ៊ុយក្រែន លោកRustem Umerov និងបេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner។
ទីក្រុងគីវបានច្រានចោលការប្រគល់ទឹកដីដែលខ្លួនកាន់កាប់បច្ចុប្បន្ន ហើយបានជំរុញឱ្យមានបទឈប់បាញ់តាមបណ្តោយខ្សែបន្ទាត់ព្រំដែននាពេលបច្ចុប្បន្ន៕
