អេឡិចត្រូនិក៖ ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ថ្មីមួយលើវិញ្ញាសា Mobile Legend គឺពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ បានឈានដល់វគ្គ ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីដំណើរការប្រកួតជម្រុះអស់រយៈពេលជិត ៣ខែដែលមានបេក្ខភាពចូលរួមសរុប ២៥៦ក្រុម។
សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនេះគ្រោងរៀបចំរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីឈានទៅប្រជែងប្រាក់រង្វាន់លើកទឹកចិត្តសរុប ១០០លានរៀល។ នេះបើតាមការបញ្ជាក់របស់លោក ឈុន សំណាង អគ្គនាយកក្រុមហ៊ុនធី វ៉ាយ មេឌា។ អ្នកផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងរួមចំណែក អភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផង។ លោកបន្ដថា ដោយមានការគាំទ្រច្រើនពីសំណាក់ក្រុមចូលរួមក៏ដូចជាទស្សនិកជន ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោកប្ដេជ្ញានឹងពង្រឹងការរៀបចំព្រឹត្តិការណ៍នេះ ឲ្យកាន់តែអស្ចារ្យបន្ថែមទៀតនារដូវកាលក្រោយៗ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកីឡាករ ពិសេសក្រុមកីឡាករជម្រើសជាតិ ដើម្បីឈានទៅប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ និងដណ្ដើមកិត្តិយសជូនជាតិ។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជាបានចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងការជួយជំរុញការអភិវឌ្ឍគុណភាព សមត្ថភាពកីឡាករកាន់តែរីកចម្រើន ស្របពេលបេសកកម្មរបស់សហព័ន្ធ ដើម្បីត្រៀមការប្រកួតធំៗទាំងពីរចំពោះមុខគឺការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ និងស៊ីហ្គេមនៅកម្ពុជានាខែឧសភា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានប្រាក់រង្វាន់សរុប ១០០លានរៀលក្នុងនោះចំណាត់ថ្នាក់លេខ១ ទទួលបាន ៥០លានរៀល, លេខ២ ទទួលបាន ២៥លានរៀល, លេខ៣ ទទួលបាន ១៥លានរៀល និងលេខ៤ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤លានរៀលផងដែរ៕
អត្ថបទ៖ លី ឈុនឡា