យោងតាមអ្នកជំនាញដឹកជញ្ជូន និងពាណិជ្ជកម្មបានឲ្យដឹងថា ការបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធភាព បានរារាំងលំហូរថាមពលដ៏សំខាន់ដែលផ្តល់ដល់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែទោះបីជាផ្លូវទឹកនេះបើកឡើងវិញនៅថ្ងៃស្អែកក៏ដោយ ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនឹងនៅតែត្រូវបានគេគិតថា នៅតែមានរយៈពេលយូរទៀត បន្ទាប់ពីនាវាជាច្រើនគ្រឿងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ក្នុងទ្រង់ទ្រាយធំ។

លោក Nils Haupt នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាជីវកម្មនៅក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ប្រទេសអាល្លឺម៉ង់ Hapag-Lloyd បាននិយាយថា «នៅពេលសង្គ្រាមបានបញ្ចប់ជាផ្លូវការ ហើយការទម្លាក់គ្រាប់បែកត្រូវបានបញ្ឈប់ នោះពុំមានន័យថាសង្គ្រាមបានបញ្ចប់សម្រាប់ការដឹកជញ្ជូននោះទេ ព្រោះក្រោយមកការងារពិតប្រាកដចាប់ផ្តើម»។

លោក Haupt បានប្រាប់សារព័ត៌មាន Al Jazeera ថា «យើងនឹងមើលឃើញនាវារាប់រយគ្រឿងដែលចង់ចូលចតនៅកំពង់ផែសំខាន់ៗនៅឈូងសមុទ្រពែក្ស។ ទូទំនិញជាច្រើននឹងចូលទៅក្នុងតំបន់ ហើយយើងនឹងមើលឃើញការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលទៅ និងមកពីឈូងសមុទ្រពែក្ស»។ យោងតាមអង្គការសមុទ្រអន្តរជាតិ (IMO) បានឱ្យដឹងថា បច្ចុប្បន្ន នាវាប្រមាណ ២.០០០គ្រឿងកំពុងជាប់គាំងនៅក្នុងតំបន់នោះក្នុងពេលការបិទច្រកសមុទ្រដោយផ្នែករបស់អ៊ីរ៉ង់។ អ៊ីរ៉ង់ បានអនុញ្ញាតឱ្យឆ្លងកាត់សម្រាប់នាវាតែមួយចំនួនតូចប៉ុណ្ណោះមកពីប្រទេសដែលចាត់ទុកថាជាមិត្ត។ ក្នុងចំណោមនាវាទាំងនោះ មាននាវាប្រហែល៤០០គ្រឿងស្ថិតនៅក្បែរឈូងសមុទ្រអូម៉ង់ ដែលបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនកំពុងស្ថិតនៅទីតាំងសម្រាប់ការបើកដំណើរការច្រកសមុទ្រនេះឡើងវិញ ហើយនាវាផ្សេងៗទៀត ត្រូវបានបង្វែរទិសដៅទៅកាន់ព្រែកជីកស៊ុយអេ ឬធ្វើដំណើរវែងឆ្ងាយជុំវិញជ្រោយ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង ដើម្បីដឹកជញ្ជូនទៅកាន់អាស៊ី និងអឺរ៉ុប។
ការដឹកជញ្ជូនប្រេងពីអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានបង្វែរទិសដៅឆ្លងកាត់សមុទ្រក្រហម ដោយវាងផ្លូវច្រកសមុទ្រនេះ។